ខ្សែការពារ Adrian Mariappa របស់ក្លិប Watford ត្រូវបានគេរាយការណ៍ថា បានធ្វើតេស្តវិជ្ជមានវីរុស កូវីដ-១៩ បន្ទាប់ពីក្របខណ្ឌ Premier League ប្រកាសឱ្យក្លិបទាំងអស់បើកជំរំហ្វឹកហាត់ឡើងវិញ។
ក្របខ័ណ្ឌ Premier League បានប្រកាសលទ្ធផលវិជ្ជមានកូវីដ-១៩ ចំនួន ៦ករណី មកពីក្លិបចំនួន ៣ ផ្សេងគ្នា កាលពីថ្ងៃអង្គារ បន្ទាប់ពីការធ្វើតេស្តលើកីឡាករ និងបុគ្គលិកនៅក្នុងក្លិបទាំងអស់ចំនួន ៧៤៨ នាក់ ដោយក្នុងនោះរួមមានខ្សែការពារ Mariappa ម្នាក់ផងដែរ។
ខ្សែការពារ Mariappa បានប្រាប់ Telegraph Sport ថា៖ “វាគួរឱ្យខ្លាចណាស់ ព្រោះខ្ញុំមិនបានចាកចេញពីផ្ទះទៅណាឡើយក្នុងអំឡុងពេលមានវីរុសនេះ ប៉ុន្តែវានៅតែឆ្លង” ។
ប្រសិនបើខ្ញុំមិនបានត្រឡប់ទៅហ្វឹកហាត់វិញ ហើយបានធ្វើតេស្តនោះ ខ្ញុំនឹងមិនដឹងថាខ្លួនមានផ្ទុកវីរុសនេះនោះទេ។
ខ្សែការពារវ័យ ៣៣ឆ្នាំ រូបនេះបានបន្តទៀតថា៖ “ខ្ញុំបានរស់នៅជាមួយកូនៗរបស់ខ្ញុំចំនួនបីនាក់ដែលមានអាយុ ៥ឆ្នាំ ៩ឆ្នាំ និង ១១ឆ្នាំ រួមទាំងភរិយារបស់ខ្ញុំផងដែរ ហើយខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ចំពោះពួកគេ”។
គួរបញ្ជាក់ដែរថា អ្នកដែលបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល ៧ ថ្ងៃ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore