ខេត្តពោធិ៍សាត់៖ បញ្ហាជម្លោះដីធ្លីនៅក្នុងខេត្តពោធិ៍សាត់ ត្រូវបានដោះស្រាយរួចរាល់អស់ហើយប្រកបដោយប្រសិទ្ធភាព។ នេះបើយោងតាមលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។
អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន បានលើកឡើងថា បញ្ហាជម្លោះដីធ្លីដែលមានភាពស្មុគស្មាញ ដែលខេត្តបានជួបប្រទះនោះ គឺបញ្ហាជម្លោះដែលកើតឡើងរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ។ ប៉ុន្តែបញ្ហានេះ គឺខេត្តបានធ្វើការដោះស្រាយអស់រួចរាល់ហើយ។
លោក ម៉ៅ ធនិន បានបញ្ជាក់ថា ជាយន្តការដោះស្រាយលើបញ្ហានេះ គឺខេត្តធ្វើដោយផ្អែកលើទិដ្ឋភាពផ្លូវច្បាប់ ក៏ដូចជាការពិនិត្យលើឯកសារជាក់ស្តែងដែលមាន ដើម្បីងាយស្រួលធ្វើការដោះស្រាយ។
លោកអភិបាលខេត្ត ក៏បានឱ្យដឹងផងដែរថា ជារួមទំនាស់ដីធ្លីធំៗនៅក្នុងខេត្ត ត្រូវបានដោះស្រាយចប់អស់ហើយក្នុងពេលបច្ចុប្បន្ននេះ។ ដោយឡែកនៅសល់តែជម្លោះដីធ្លីតូចៗលក្ខណៈគ្រួសារ ដែលខេត្តបាននិងកំពុងដោះស្រាយប្រកបដោយការទទួលខុសត្រូវខ្ពស់”៕ ដោយ៖ តារា