បើយោងតាមតួលេខរបស់ Worldometer ចេញផ្សាយ នៅរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ថា ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ ១៩ ១៨៩នាក់ ស្លាប់១២៤២នាក់ និងជាសះស្បើយ ៤៥៧៥នាក់។ ប៉ុន្ដែអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសនេះ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសង័្សយពីកូវីដ១៩ អាចនឹងកើនលើសពី៣៨០០នាក់។
យោងតាមសារព័ត៌មាន The Jakarta Post បានផ្សាយថា ក្រុមអង្គការសង្គមស៊ីវិល បានថ្លែងថា រដ្ឋាភិបាលទីក្រុងហ្សាការតា មិនគួរនឹងបន្ធូរបន្ថយនូវការរឹតបន្ដឹង ពីចំណុចក្រហម នៃកូវីដ១៩របស់ប្រទេសឥណ្ឌូនេស៊ី នោះទេ។ បញ្ហានេះ ក៏ដោយសារតែចំនួននៃការស្លាប់ដែលសង័្សយពីកូវីដ១៩ អាចនឹងកើនឡើង លើសពី៣៨០០នាក់។
អង្គការសង្គមស៊ីវិល បានរាយការណ៍ថា អ្នកស្លាប់ ក្នុងចំណោមករណីសង័្សយពីកូវីដ១៩ នៅក្នុងខេត្តចំនួន១៨ របស់ប្រទេសឥណ្ឌូនេស៊ី មានចំនួន ៣៨៣៣នាក់ កាលពីថ្ងៃទី១៥ ខែឧសភា ដោយផ្អែកលើគេហទំព័ររបស់រដ្ឋបាលខេត្ដ តំបន់ និងក្រុង។ បើរួមបញ្ចូលនឹងករណីស្លាប់ចំនួន១ ២៤២នាក់ កាលពី២០ ខែឧសភា ធ្វើឲ្យចំនួនអ្នកស្លាប់ សរុបយ៉ាងតិច៥០៧៥នាក់។ ប៉ុន្ដែនៅក្នុងខេត្តទាំងអស់ មិនបានបង្ហាញឲ្យដឹងពីចំនួនអ្នកស្លាប់សរុបដែលសង័្សយពាក់ព័ន្ធនឹងករណីកូវីដ១៩នោះទេ ដូចជា កោះបាលីជាដើម។
ប្រភពព័ត៌មានដដែល បានបន្ដថា ស្ថានភាពនេះបង្ហាញថា ការធ្វើតេស្ដមានចំនួនកំណត់ និងពន្យារពេល នៅក្នុងដំណើរការនេះ អាចបណ្ដាលឲ្យមនុស្សមានការសង័្សយពីកូវីដ១៩ ត្រូវស្លាប់ មុនពេលការធ្វើតេស្ដ។
កន្លងមក លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី ធ្លាប់បានសន្យា កាលពីខែមេសា ឆ្នាំ២០២០ ថា នឹងបង្កើនការធ្វើតេស្ដកូវីដ១៩ រហូតដល់១ម៉ៗនាក់ ក្នុងមួយថ្ងៃ។ ប៉ុន្ដែបើតាមតួលេខរបស់ រដ្ឋាភិបាល បានបង្ហាញថា កាលពីថ្ងៃទី២០ ខែឧសភា ការធ្វើតេស្ដរកវីរុសកូវីដ១៩ បានតែ៦៣៤០នាក់ប៉ុណ្ណោះ។ រីឯចំនួន នៃការធ្វើតេស្ដជាអតិបរមា បានត្រឹមតែ ៧១១១នាក់ កាលពីថ្ងៃទី១២ ខែមេសា ។ ចំណែក កាលពីថ្ងៃទី១៨ ខែឧសភា គឺធ្វើតេស្ដបានតែ២៥៦២នាក់តែប៉ុណ្ណោះ។
លោកប្រធានាធិបតី បានថ្លែងថា លោកសូមអំពាវនាវឲ្យប្រជាពលរដ្ឋ រក្សាភាពស្ងប់ស្ងាត់ និងរស់នៅជាធម្មតាជាមួយនឹងស្ថានភាពកូវីដ១៩។ រីឯការរស់នៅក្នុងភាពស្ងៀមស្ងាត់នេះ មិនមានន័យថា កំពុងបោះបង់ ចោលការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះទេ។ រដ្ឋាភិបាលត្រូវតែរៀបចំឲ្យបានល្អ និងផ្ដល់អាទិភាពដល់សុខភាពសាធារណ: មុនពេលបើកឲ្យដំណើរការសេដ្ឋកិច្ចឡើងវិញ៕ ប្រែសម្រួលដោយ Nuon