ភ្នំពេញ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះសំណេរ និងការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដោយចាត់ទុកថា ជាការខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យ ប្រកបដោយភាពអគតិ និងទុទិដ្ឋិនិយម ដើរថយក្រោយ គំនិតផ្ទុយពី វឌ្ឍនភាពសង្គម សាសនា និង វប្បធម៌។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលTNAOT APP ទទួលបាននៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។
សម្តេចសង្ឃនាយកយល់ឃើញថា សំណេររបស់លោក ខាន់ សុវណ្ណ ដែលបានបង្ហោះលើអាខោនហ្វេសប៊ុកឈ្មោះថា សុវណ្ណ ខាន់ អពប និង khmer Mjas Srok លើកឡើងថា កម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មក្នុងវិស័យសំណង់ និងត្រូវការកម្មករជំនាញ និងគ្មានជំនាញជាច្រើនម៉ឺននាក់ ដើម្បីបង្គ្រប់ទីផ្សារ ចាត់ផ្សឹកលោកសង្ឃ ដែលកំពុងពេញកម្លាំងក្រោមអាយុ ៥៦ ឆ្នាំចោលឲ្យអស់ តើអាចទៅរួចដែរទេ?
តាមរយៈសំណេរ និងការលើកឡើងនេះ គណៈសង្ឃនាយកនៃកម្ពុជា បានបដិសេដ្ឋយ៉ាងដាច់អហង្ការចំពោះគំនិតយោបល់នេះ ហើយពុំអាចទទួលយកបានជាដាច់ខាត។ ក្នុងបរិបទនេះ គណៈសង្ឃនាយកយល់ឃើញថា គំនិតយោបលនេះ បានបង្កប់នូវអត្ថន័យខ្លឹមសារ និងការឆ្លុះបញ្ចាំងដូចខាងក្រោមជា៖ ទី១ ភាពអសីលធម៌ គំនិតលាមក និងភាពយង់ឃ្នងសាហាវឃោរឃៅព្រៃផ្សៃបំផុត ទី២ ប្រមាថមាក់ងាយមកលើព្រះសង្ឃពទ្ធសាសនាគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ទី៣ បង្វែរគំនិតមហាជនឲ្យដើរជាន់ដានប្រវត្តិសាស្ត្រល្វីងជូរចត់ (បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ) ទី៤ រំលោភសិទ្ធិមនុស្សជាសាកលដែលចែងអំពីសិទ្ធិជំនឿ និងការរស់រានមានជីវីតប្រកបដោយសេចក្តីថ្លៃថ្នូរក្នុងភេទជាបព្វជិតក្តី និងជីវភាពជាគ្រហស្ថក្តី និងទី៥ រំលោភក្រមព្រហ្មទណ្ឌកម្ពុជាត្រង់ចំណុច មាត្រា៥១៦ និងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ៕ ដោយ៖ ប៊ុនធឿន