ភ្នំពេញ៖ ទោះជាស្ថានភាពឆ្លងរាលដាលជំងឺកូវីដ ១៩ នៅកម្ពុជា ហាក់ធូរស្រាល មិនមានករណីឆ្លងថ្មីរយៈពេលប្រមាណជាង ១ខែ មកហើយក្តី ប៉ុន្តែក្តីបារម្ភនៃការផ្ទុះឆ្លងរាតត្បាតរលកទី ២ ក្នុងសហគមន៍ពលរដ្ឋខ្មែរ នៅតែកើតមានសម្រាប់រដ្ឋាភិបាល និងអ្នកជំនាញ នាំឲ្យជារឿយៗ ការណែនាំពីការរក្សាអនាម័យ តែងត្រូវលើកឡើងជាបន្តបន្ទាប់ ក្នុងនោះអនាម័យនៅតាមកន្លែងមានការជួបជុំ ដូចជាភោជនីយដ្ឋាន អាហារដ្ឋានជាដើម សុទ្ធតែត្រូវពង្រឹងឲ្យបានខ្លាំងជាងមុន។
ដោយសារថ្មីៗនេះ ក្រសួងសុខាភិបាល ពិសេសរាជរដ្ឋាភិបាល បានព្រមានថាចាត់វិធានការ បិទអាជីវកម្មចំពោះភោជនីយដ្ឋាន អាហារដ្ឋានណាមួយខ្វះអនាម័យ នាំឲ្យពលរដ្ឋបានបញ្ចេញមតិស្រដៀងគ្នាជុំវិញបញ្ហានេះ ប៉ុន្តែភាគច្រើនអះអាង ការរក្សាអនាម័យក្នុងកន្លែងលក់ដូររបស់ពួកគាត់ គឺធ្វើតាំងពីដំបូង មុនទាំងកូវីដផ្ទុះឡើង និងការព្រមានរបស់រដ្ឋាភិបាលទៅទៀត។
អ្នកលក់កាហ្វេ និងបាយម្ហូប នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានលើកឡើងថា ពួកគាត់នៅតែរក្សាអនាម័យស្អាតល្អជានិច្ចនៅតាមទីតាំងរៀងៗខ្លួន ទោះបីមាន ឬមិនមានការការព្រមាន ពីសម្តេចតេជោនាយករដ្ឋមន្ត្រីក៏ដោយ។ ពួកគាត់ថា ការរក្សាអនាម័យមានប្រយោជន៍ច្រើនយ៉ាង ទី១ អាចការពារមេរោគ និងជំងឺផ្សេងៗ ជាពិសេសកូវីដ១៩ ទី២ អាចរក្សាភ្ញៀវដែលចូលមកម្តងហើយ ចង់ចូលមកម្តងទៀត។
លោក សារិទ្ធ ជាម្ចាស់ហាងកាហ្វេមួយកន្លែងនៅសង្កាត់ទឹកថ្លា បានឲ្យដឹងថា តាំងពីដំបូងកន្លែងលក់ដូររបស់លោកតែងរក្សាអនាម័យស្អាតជាប់ជានិច្ច ដើម្បីទាក់ទាញភ្ញៀវ។ ក្រោយមក នៅពេលមានកូវីដ១៩ លោកបានបន្ថែមទឹកអាល់កុលលាងសម្អាតដៃ ដាក់សម្រាប់អតិថិជន ដែលចូលមកអាចប្រើប្រាស់បានក្នុងការចូលរួមការពារកុំឲ្យមានការរីករាលដាលជំងឺកូវីដ១៩ផងដែរ។
ស្រដៀងគ្នានេះ ស្ត្រីជាអ្នកលក់បាយម្ហូបនៅសង្កាត់ទឹកថ្លា បានឲ្យដឹងថា កន្លែងលក់ដូររបស់គាត់តែងធ្វើអនាម័យ ជាប់ជានិច្ចតាំងពីបើកលក់ដំបូង។ ស្ត្រីវ័យប្រមាណជាង៤០ឆ្នាំ បញ្ជាក់ថា ជាធម្មតា បំពង់ដាក់ស្លាបព្រាគឺត្រាំទឹកក្តៅដាំពុះ ចំណែកតុ កៅអី គឺដាក់ទឹកសាប៊ូ ប្រើក្រណាត់កន្សែងជូតជារៀងរាល់ម៉ោង។
រីឯលោក ផែន សូវ៉ាន់ ជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា លោកគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាល ព្រោះនេះជាវិធីល្អមួយដើម្បីក្រើនរំឭកដល់ម្ចាស់ហាងលក់ដូរម្ហូបអាហារផ្សេងៗ ភ្ញាក់រឭករក្សាអនាម័យជាប្រចាំ កុំឲ្យមានមេរោគកូវីដ១៩កើតឡើងជាថ្មីម្តងទៀតនៅកម្ពុជា។ លោក សូវ៉ាន់ថា ទោះបីពេលនេះស្រុកយើងបានស្ងប់ស្ងាត់កូវីដ១៩ បន្តិច ប៉ុន្តែ ដើម្បីបង្ការនិងទប់ស្កាត់ ម្ចាស់ហាងឬប្រជាពលរដ្ឋខ្លួនឯង ដែលទៅទទួលសេវាកម្មផ្សេងៗ ត្រូវរក្សាអនាម័យខ្លួនឯង ពេលទៅមកទីណា គួរតែមានពាក់ម៉ាស់ មានអាល់កុល ឬជែលលាងសម្អាតដៃដាក់ជាប់តាមខ្លួនជានិច្ច។
យ៉ាងណា ទោះជាមានការលើកឡើងយ៉ាងដូច្នេះក្តី ប៉ុន្តែជាក់ស្តែង អាហារដ្ឋានតូចតាចមួយចំនួន ក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ត្រូវគេលើកឡើងជារឿយៗ ពីកង្វះអនាម័យ ដែលជាកត្តាចម្បងនាំឲ្យរលកទី២ នៃជំងឺកូវីដ ១៩ អាចផ្ទុះឡើងជាចង្កោមក្នុងសហគមន៍ពលរដ្ឋខ្មែរគ្រប់ពេលវេលា៕ ដោយ៖ ប៊ុនធឿន