ភ្នំពេញ៖ ការចុះបិទទីតាំង មណ្ឌលកំសាន្ត ក្លិប ខារ៉ាអូខេ បៀរហ្គាឌែន ដែលបានបើកដំណើការ ផ្ទុយពីសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩។ ការអនុវត្តននេះ ធ្វើឡើងនៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងមានការចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ លោកអនុប្រធានមន្ទីរបរិស្ថាន និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខណ្ឌ ដោយបែងចែកជា ៤ក្រុម ដើម្បីចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យាបិទទីតាំង មណ្ឌលកំសាន្ត ក្លិប ខារ៉ាអូខេ បៀរហ្គាឌែន ដែលបានបើកដំណើការ ផ្ទុយពីសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ការចុះត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចបានណែនាំឲ្យបងប្អូន ដែលជាម្ចាស់អាហារដ្ឋានទាំងអស់ ត្រូវប្រើប្រាស់ក្រមា ឬម៉ាស់ឲ្យបានត្រឹមត្រូវ និងលាងដៃជាមួយសាប៊ូ ឬ អាល់កុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ដែលជាបញ្ហារបស់ពិភពលោក៕ ដោយ៖ សាម