ភ្នំពេញ៖ រថយន្តសរុបចំនួន ១១គ្រឿង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះផាកពិន័យ ដែលម្ចាស់រថយន្តបានល្មើសច្បាប់ចរាចរណ៍ និងបានចាក់សោរថយន្តមួយចំនួន ដែលចតលើចិញ្ចើមផ្លូវ។
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានចាក់សោរថយន្តមួយចំនួន ដែលចតចោលលើចិញ្ចើមផ្លូវ។
បើតាមការបញ្ជាក់របស់អធិការខណ្ឌសែនសុខ ប្រាប់ភ្នាក់ងារ TNAOT APP ថា ក្រោយចុះរៀបចំសណ្ដាប់ធ្នាប់នៅព្រឹកនេះ រថយន្តសរុបចំនួន ១១គ្រឿង ត្រូវបានឃាត់ និងយកទៅផាកពិន័យ នៅអធិការដ្ឋានខណ្ឌសែនសុខ។ ហើយលោកបានបញ្ជាក់បន្ថែមថា ចំពោះតម្លៃនៃការផាកពិន័យ ពោលគឺស្ថិតនៅលើការល្មើសច្បាប់ចរាចរណ៍របស់រថយន្តនីមួយៗ។
ជាមួយគ្នានេះ សមត្ថកិច្ចឱ្យដឹងថា កាឈប់ចតលើចិញ្ចើមផ្លូវ បណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការផាកពិន័យតាមច្បាប់ ៕ ដោយ៖ សាម