កម្ពុជាសម្រេចកែសម្រួលវិធានការការពារ ដើម្បីឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ លើអ្នកធ្វើដំណើរ ចូលកម្ពុជា
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានធ្វើការកែសម្រួលវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ សម្រាប់អ្នកធ្វើដំណើរទាំងអស់ តាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ចូលកម្ពុជា។
ការកែសម្រួលនេះ ធ្វើឡើងដោយយោងតាមចំណារ និងអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២០ លើសំណើរបស់ក្រសួងសុខាភិបាល និងក្រសួងការប្រទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ព្រមទាំងយោងតាមការវិវត្តិន៍នៃសភាពការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ (Covid-19)។
ចំពោះការកែសម្រួលវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩រួមមាន៖
១)-និរាករណ៍មិនឱ្យជនបរទេសមកពីប្រទេសអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ដែលមានចែងក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។
២)-គ្រប់អ្នកដំណើរទាំងអស់ ដែលចូលមកប្រទេសកម្ពុជា ទាំងជនជាតិខ្មែរ និងជនបរទេស គឺតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាព ដែលបញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាមីខ្លួន ក្នុងរយៈពេល ៧២ម៉ោង។
បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារអាមេរិក ក្នុងកំឡុងពេលស្នាក់នៅកម្ពុជា នឹងត្រូវគោរពតាមវិធានផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា។
ប៉ុន្តែតម្រូវការនេះ ត្រូវបានលើកលែងចំពោះមន្ត្រីនៃស្ថានទូតតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជា។
៣)-អ្នកធ្វើដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជាត្រូវបញ្ជូនទៅកាន់មណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
-ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើននាក់ ដែលត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ រាល់អ្នករួមដំណើរជាមួយផ្សេងទៀត ត្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីស១៩។
-ក្នុងករណីអ្នកដំណើរទាំងអស់ មានលទ្ធផលដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាអវិជ្ជាមានជំងឺកូវីដ១៩ ពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្ដងទៀតនៅថ្ងៃទី ១៣ នៃការធ្វើចត្តឡីស័ក.
សូមរម្លឹកថា នៅត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១២២នាក់ទាំងស្រុង ស្មើនឹង ១០០% នៅទូទាំងប្រទេស ដែលមានជនជាតិខ្មែរ ៥២នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៤០នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់។
ដើម្បីបន្តរក្សាកិច្ចការពារកុំឱ្យមានរលកទីពីរ នៃការចម្លងមេរោគកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមបានអនុវត្តន៍វិធានការការពារខ្លួន បើទោះបីជាប្រទេសកម្ពុជា មិនមានរកឃើញករណីថ្មី ក្នុងរយៈពេលជាង ១ ខែកន្លងមកក្តី៕