កណ្តាល៖ ករណីក្មេងប្រុសអាយុ ២ឆ្នាំម្នាក់បានធ្លាក់តាមបង្កាន់ដៃស្ពានចូលក្នុងទឹកទន្លេ ពេលនេះសមត្ថកិច្ចក្រុងតាខ្មៅ និងសាច់ញាតិរកសាកសពឃើញហើយ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ត្រង់ចំណុចកន្លែងកើតហេតុស្ពានដែកបាឡេសិត្បូ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សមត្ថកិច្ចក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រួយ មានហេង ភេទប្រុស អាយុ ២ឆ្នាំ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
គូររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ម្តាយក្មេងរងគ្រោះបានជិះម៉ូតូដោយឌុបគ្នា ៣នាក់ និងបានដាក់កូនឲ្យជិះខាងមុខ ក្នុងគោលបំណងដើម្បីយកបាយទៅឱ្យតៃកុងឡានដឹកដី នៅកោះអន្លង់ចិន លុះបើកជិតដល់កណ្តាលស្ពានបាឡេ ម៉ូតូក៏បានរអិលដួលបណ្តាលឲ្យកុមារាអាយុ ២ឆ្នាំម្នាក់បានខ្ទាតធ្លាក់តាមបង្កាន់ដៃស្ពានចូលក្នុងទឹកទន្លេតែម្តង បន្ទាប់មកក៏ពូក្មេងរងគ្រោះដែលជិះពីក្រោយ ក៏បានលោតចុះទៅតាមរាវរក ប៉ុន្តែពុំឃើញក្មេងរងគ្រោះឡើយ។ ក៏បានជិះទៅរកបងប្អូន ដើម្បីជួយរាវរក តែរកមិនឃើញក្មេងរងគ្រោះឡើយ។
តាមការសន្និដ្ឋាន ក្រោយការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ក្មេងរងគ្រោះបានស្លាប់ ដោយ សារលង់ទឹក។ ចំណែកឯសាកសពត្រូវបានប្រគល់ជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ផេងភាព