រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជូនដំណឹងទៅកាន់សភាអំពីការលក់ប្រព័ន្ធមីស៊ីលបុក torpedoes (មីស៊ីលបាញ់ចេញពីនាវាមុជទឹក) ដ៏ទំនើបបំផុត ឲ្យដល់កោះតៃវ៉ាន់ ដែលមានតម្លៃប្រហែល ១៨០ លានដុល្លារ ។ នេះបើតាមការផ្សាយរបស់ប្រភព CNA ផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសភាគច្រើនមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់នោះទេ ប៉ុន្តែត្រូវបានចងភ្ជាប់ដោយច្បាប់អាមេរិកផ្តល់ឲ្យកោះតៃវ៉ាន់នូវមធ្យោបាយសម្រាប់ការពារខ្លួន ។ ចិនតែងតែបរិហាររិះគន់ពីការលក់អាវុធរបស់អាមេរិកទៅឱ្យដែនដីកោះតៃវ៉ាន់ ។
ភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខ ការពារជាតិ សហរដ្ឋអាមេរិក បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានយល់ព្រមលក់អាវុធឲ្យតៃវ៉ាន់ នូវប្រព័ន្ធមីស៊ីលបុក Torpedoesចំនួន១៨គ្រាប់ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀតមានតម្លៃប្រមាណ១៨០ លានដុល្លារ ។
ភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខ ការពារជាតិអាមេរិក បញ្ជាក់ទៀតថា ការដាក់លក់ប្រព័ន្ធមីស៊ីលបុកនេះ គឺបម្រើដល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាមេរិក ព្រមទាំងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កោះតៃវ៉ាន់ ដែលធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដើម្បីរក្សាសមត្ថភាពការពារខ្លួនគួរឱ្យជឿទុកចិត្តបាន ៕ ប្រែសម្រួលដោយ៖ thach yat