ភ្នំពេញ៖ យើងបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩ នៅទូទាំងប្រទេស។ មកទលល់ថ្ងៃនេះនៅលើពិភពលោកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បានកើនឡើងក្បែរ៥លានករណីហើយ ដែលគួរអោយបារម្ភខ្លាំងបំផុត។ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជម្ងឺឆ្លងរលាកផ្លូវដង្ហើម Covid-19 នេះនៅឡើយដែរ។ នេះបើតាមហ្វេសប៊ុក សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។
សម្តេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ទាំងកម្ពុជា និងពិភពលោក យើងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំង នឹងជម្ងឺឆ្លងដ៏កាចសាហាវបំផុតនេះ។ សូមបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទី កុំអោយឆ្លងរោគពីគេមកយើង នឹងពីយើងទៅគេ។ បើចាំបាច់ចេញក្រៅផ្ទះ ត្រូវពាក់ម៉ាសការពារ ត្រូវដុសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជេលជាប្រចាំ កាត់បន្ថយការជួបជុំ ប្រមូលផ្ដុំគ្នាច្រើន និងត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គ្រប់ពេលវេលា។
តាមលិខិតរបស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ផ្ញើជូនអភិបាលរាជធានីខេត្តទាំងអស់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការណែនាំសំខាន់ៗ ៦ចំណុច ក្នុងនោះរួមមាន ទី១ បន្តធ្វើឲ្យសកម្មនូវដំណើរការប្រយុទ្ធនឹងជំងឺកូវីដ១៩ ទី២ ជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានការយល់ដឹង និងអនុវត្តការផ្លាស់ប្តូរកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅរបស់ខ្លួនស្របតាមរបត់នៃការរស់នៅ “សកម្មភាពធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩”។
ទី៣ ហាមឃាត់មិនឲ្យជួបជុំ ឬរៀបពិធីណាមួយដែលមានអ្នកចូលរួមកុះករ។ទី៤ ត្រូវតាមដាន និងត្រួតពិនិត្យតាមភោជនីយដ្ឋានព្រមទាំងកន្លែងលក់ដូរនានា ដើម្បីឲ្យម្ចាស់ហាងទាំងអស់នោះ បន្តអនុវត្តវិធានការការពារការចម្លងកូវីដ១៩។ ទី៥ ជំរុញប្រជាពលរដ្ឋមកពីក្រៅប្រទេសដែលមិនបានពិនិត្យសុខភាព ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
និងទី ៦ ចុះពិនិត្យស្ថានភាពនៅកន្លែងស្នាក់នៅ របស់អ្នកចត្តាឡីស័កនៅតាមផ្ទះ ដែលបញ្ជូនមកពីមណ្ឌលពិនិត្យសុខភាពខេត្ត និងមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែក និងរៀបចំចាត់ចែងការងារបន្ត ឲ្យបានហ្មត់ចត់ជាទីបំផុត៕ ដោយ៖ ប៊ុនធឿន