Alex Song បានសារភាពថា លុយ គឺជាកត្ដាសំខាន់ដែលធើ្វឲ្យរូបគេសម្រេចចាកចេញពី Arsenal ទៅកាន់ Barcelona។
ក្រោយធើ្វការប្រកួតអស់២០០ប្រកួត Song បានចុះកុងត្រាជាមួយក្លឹបយក្សរបស់រដ្ឋកាតាឡាន់កាលពីឆ្នាំ២០១២ ដោយចំណាយពេលត្រឹមមួយរដូវកាលប៉ុណ្ណោះ លេងបានចំនួន២០ប្រកួត និងឈ្នះពាន La Liga ដែលជាពានរូបគេឈ្នះក្នុងអាជីពបាល់ទាត់។
អាចរកបានត្រឹម ១៥ពាន់ផោននៅ Arsenal រូបគេដឹងថា នឹងអាចរកចំណូលបានច្រើនជាងនេះ នៅពេលរូបគេចុះកិច្ចសន្យាលេងឲ្យ Barcelona។
«ពេញមួយអាជីពខ្ញុំពេលលេងឲ្យ Arsenal ខ្ញុំមិនសន្សំសូម្បី ១០ម៉ឺនផោន ស្របពេលកីឡាករមួយចំនួនក្លាយជាសេដ្ឋី» Song និយាយក្នុងបទសម្ភាសមួយ។
«ខ្ញុំបានជួបនាយកផ្នែកកីឡាកររបស់ Barca ហើយគេបានប្រាប់ខ្ញុំថា ពេលទៅអេស្ប៉ាញគឺមិនសូវបានលេងច្រើនទេ។ ប៉ុន្តែពេលនោះខ្ញុំមិនខ្វល់អ្វីទេ។ ខ្ញុំបានត្រឹមតែដឹងថា ខ្ញុំនឹងក្លាយជាសេដ្ឋីម្នាក់។ ពេលដែល Barcelona ដាក់សំណើលើកិច្ចសន្យារបស់ខ្ញុំ ខ្ញុំឃើញទំហំទឹកប្រាក់ដែលពួកគេឲ្យ។ ខ្ញុំក៏មិនគិតច្រើនបានយល់ព្រមតែម្ដង»៕
ប្រភព៖ Sportbibble