Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណាចំនួន១នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

កាលពីថ្ងៃពុធរដ្ឋាភិបាលបានរាយការណ៍ពីករណីថ្មីមួយនៃអ្នកឆ្លងវីរុសកូរ៉ូណា ដែលមានមុខរបរជាចុងភៅថៃវិលត្រឡប់មកពីប្រទេសបារ៉ែន​ បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសកើនឡើងដល់ ៣០៣៤នាក់ និងមិនមានអ្នកស្លាប់ថ្មីនោះទេ។

រូបតំណាង

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Taweesilp Visanuyothin បានមានប្រសាសន៍ថា អ្នកជំងឺថ្មីនេះមានមុខរបរជាចុងភៅ ភេទប្រុស អាយុ ៤៥ឆ្នាំ ទើបតែវិលត្រឡប់មកពីប្រទេសបារ៉ែនវិញកាលពីថ្ងៃទី១៥ ខែឧសភា ហើយត្រូវបាន​គេដាក់ឱ្យនៅដាច់ដោយឡែកនៅសណ្ឋាគារមួយក្នុងទីក្រុងបាងកក។ លោកវេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថា​ អ្នកជំងឺ​បានធ្វើតេស្តនៅថ្ងៃទី១៨ ខែឧសភា ប៉ុន្តែ​មិន​មានរោគសញ្ញាអ្វីទេ។ ​ក្នុងចំណោមអ្នកឆ្លងទាំង ៣០៣៤ នាក់ មាន​ ២៨៨៨នាក់បានជាសះស្បើយ​និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ​ ​ហើយមានអ្នកជំងឺ ៩០នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ។ ​

រូបតំណាង

តាមរបាយការណ៍បានឱ្យដឹងថា ប្រជាជនថៃដែលចំណាកស្រុកហើយត្រឡប់មកប្រទេសកំណើតវិញមានចំនួនឆ្លងច្រើនជាងគេគឺអ្នកដែលមកពីប្រទេសឥណ្ឌូនេស៊ីចំនួន ៦៥ នាក់ បន្ទាប់មកពីប្រទេសប៉ាគីស្ថានចំនួន ១០នាក់ មកពីប្រទេសអារ៉ាប់រួមចំនួន ៥នាក់ និង ៣នាក់មកពីប្រទេសម៉ាឡេស៊ី។ ​អ្នកឆ្លងជំងឺសរុបដែលមកពីបរទេសមានចំនួន ១០១នាក់ដែល​បច្ចុប្បន្នកំពុងស្ថិតនៅកន្លែងដែលរដ្ឋកំណត់។ គួរបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ក្នុង​ប្រទេសនៅចំនួន​ ៥៦នាក់ដដែល។ លោកវេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថា អ្នកឆ្លងវីរុសកូរ៉ូណានៅទូទាំងពិភពលោកបច្ចុប្បន្ននេះមាន ៤.៩៩លាននាក់និងមានអ្នកស្លាប់ចំនួន ៣២៤៩១០ នាក់ ហើយសហរដ្ឋអាមេរិកជាប្រទេសដែលមានអ្នកឆ្លងច្រើនបំផុតចំនួន ១.៥៧លាននាក់និងមានអ្នកស្លាប់ច្រើនបំផុតចំនួន ៩៣៥៣៣នាក់ ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9234963