ភ្នំពេញ៖ កម្ពុជាបើកជើងហោះហើរជាមួយប្រទេសទាំង៦ឡើងវិញ គឺ អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និង អាមេរិក ក្រោយផ្អាកមួយរយៈកន្លងមក។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលចេញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា ការសម្រេចបើកជើងយន្តហោះជាមួយប្រទេសទាំង៦នេះឡើងវិញ គឺក្រោយពីមានចំណារយល់ព្រមពីសម្តេចនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី ១៩ឧសភា
ឆ្នាំ២០២០នេះ។
យ៉ាងណាក៏ដោយ សេចក្តីប្រកាសបានបញ្ជាក់ឲ្យដឹងទៀតថា គ្រប់អ្នកដំណើរទាំងជនជាតិខ្មែរនិងជនបរទេស ដែលចូលមកកម្ពុជា តម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានជំងឺកូវីដ១៩ ដែលចេញដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឯអ្នកដំណើរជាជនបរទេស ត្រូវមានឯកសារធានារ៉ាប់រងសុខភាព ដែលទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងអំឡុងស្នាក់នៅក្នុងប្រទេសកម្ពុជា និងត្រូវគោរពតាមវិធានការផ្សេងៗ របស់រដ្ឋាភិបាលកម្ពុជា៕ ដោយ៖ ប៊ុធឿន