ការបង្រៀនតាមប្រព័ន្ធអនឡាញក្រៅសាលា ឬហៅថាការសិក្សាពីចម្ងាយ ដែលជាកម្មវិធីសិក្សាថ្មី របស់ក្រសួងអប់រំ យុវជននិងកីឡា អាចនៅមិនទាន់ឈានទៅរកភាពជោគជ័យឡើយ។ របត់ថ្មីនៃការរៀនតាមប្រព័ន្ធអនឡាញនេះ វាមិនមែនជារឿងថ្មីសម្រាប់ប្រទេស ដែលមានការអភិវឌ្ឍស្រាប់ហើយនោះទេ ប៉ុន្តែសម្រាប់កម្ពុជា វាបានជ្រាបចូលមកយ៉ាងលឿន នៅក្នុងអំឡុងពេល កើតមានវិបត្តិកូវីដ១៩ នៅទូទាំងសកលលោក។
បើតាមប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោកប៉ិច បូឡែន អគ្គនាយក Westline Education Group បានប្រាប់ឱ្យដឹងថា នៅពេលដែលប្រទេសកម្ពុជា មានការជំរុញឱ្យមានកម្មវិធីសិក្សា តាមប្រព័ន្ធអនឡាញ គឹទាមទារឱ្យគ្រូបង្រៀន អាណាព្យាបាល រួមទាំងសិស្ស ត្រូវបង្កើនកិច្ចសហការគ្នា ឱ្យបានយ៉ាងខ្លាំងថែមទៀត។
ភាគច្រើនសិស្សដែលរៀននៅតាមផ្ទះ គឺគ្មានភាពងាយស្រួលនៅក្នុងការសិក្សានោះទេ រីឯការបង្រៀនរបស់គ្រូ ក៏កាន់តែលំបាកជាងមុន ហើយអាណាព្យាបាល ក៏ប្រឈមនឹងបញ្ហាធ្វើការច្រើនថែមទៀត និងត្រូវងាកមកបង្រៀនកូនច្រើនម៉ោងផងដែរ។
លោកបញ្ជាក់ថា បញ្ហាលំបាករបស់គ្រូ គឺតម្រូវឱ្យគាត់រៀនពីបច្ចេកវិទ្យាអប់រំតាមអនឡាញភ្លាមៗ ដូចជាការសន្ទនាតាមវីដេអូ Conference ឬក៏របៀបបង្រៀន និងការរៀនថតទុកជាដើម។ គ្រូខ្លះអាចបង្រៀនទៅបាន ប៉ុន្តែបែរជាមិនសូវមានភាពក្លាហ៊ានចូលក្នុងការប្រឈមនឹងម៉ាស៊ីនថត ទោះយ៉ាងណា បញ្ហានេះអាចជម្នះបាន។
ជាមួយគ្នានេះ ផលលំបាកសម្រាប់អាណាព្យាបាល គឺពួកគេអត់ចេះប្រើប្រាស់បច្ចេកវិទ្យានេះដូចគ្នា អាណាព្យាបាលខ្លះ មិនចេះសូម្បីតែហៅឈ្មោះកម្មវិធីZoom ទម្រាំតែការដំឡើងកម្មវិធីផ្សេងៗទៀត ដូចជា google meet…ឬតេឡេក្រាមក៏ពិបាកដែរ។ នេះបើតាមប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោកប៉ិច បូឡែន។
ដោយមើលឃើញពីផលលំបាកនេះ អគ្គនាយក Westline Education Group បានធ្វើការជំរុញឱ្យគ្រូបង្រៀន ត្រូវបង្កើនកិច្ចសហការបន្តជាមួយនឹងអាណាព្យាបាលសិស្ស។ មិនត្រឹមតែប៉ុណ្ណោះ គឺពង្រឹងទៅលើគុណភាពអប់រំរបស់គ្រូ ព្រមទាំងដាក់កាលវិភាគកម្មវិធីបង្រៀនរបស់គ្រូ ឱ្យច្រើនជាងមុន ដើម្បីឆ្លើយតបទៅដល់ការរៀនរបស់សិស្ស ឱ្យបានរលូនជាងមុន។
ជាមួយគ្នានេះ បើតាមលោកគឹម អឿន ប្រធានក្រុមហ៊ុនHome Educationនិងជាអាណាព្យាបាលម្នាក់បានទទួលស្គាល់ថា លោកនិងអាណាព្យាបាលផ្សេងទៀត ពិតជាត្រូវប្រើពេលវេលាច្រើន ដើម្បីជួយបង្ហាត់បង្រៀនកូននៅផ្ទះ ខណៈពួកគេត្រូវចូលរៀន តាមអនឡាញជាមួយគ្រូម្តងៗ។
លោកបញ្ជាក់ថា”ការបង្រៀនតាមអនឡាញ គឺត្រូវទាមទារឱ្យគ្រូ មានការប្រុងប្រយ័ត្នច្រើនជាងមុន ទាក់ទងនឹងគុណភាពនៃការបង្រៀន និងផ្តោតលើបញ្ហាអ៊ីនធើណេតផងដែរ”។
ការរៀនតាមអនឡាញ វាពិតជាបានធ្វើឱ្យកុមារមានភាពវៃឆ្លាត រហ័សរហួន និងពូកែក៏ពិតមែន ប៉ុន្តែអាណាព្យាបាលក៏គួរតែមានការព្រួយបារម្ភ ទៅលើផលប៉ះពាល់មួយចំនួន នៃការប្រើប្រាស់បច្ចេកវិទ្យាយានេះដែរ។
លោកគឹម អឿនបានបញ្ជាក់ថា” ការបង្រៀនកុមារដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា វាអាចធ្វើឱ្យពួកគេ មានផលប៉ះពាល់ដល់សុខភាពភ្នែក អារម្មណ៍មួរម៉ៅ នៅពេលដែលធ្វើអ្វីមិនបាន នឹងអាចឈានទៅដល់ការឆែកចូលមើលវេបសាយណា ដែលត្រូវបានហាមឃាត់ជាដើម”។
ស្រដៀងគ្នាផងដែរ យុវតី យ៉ង វិច្ឆិកា ដែលកំពុងសិក្សានៅសាលាឯកជនមួយ បានប្រាប់ឱ្យដឹងដែរថា សាលាបានប្រើប្រាស់កម្មវិធី Zoom ដើម្បីទំនាក់ទំនងនៅក្នុងការរៀននៅផ្ទះ តាមអនឡាញ។
យុវតីវិច្ឆិកាបានបញ្ជាក់ថា ការរៀនតាមអនឡាញមួយរយៈនេះ បានធ្វើឱ្យគាត់ធ្លាក់ចុះនូវគុណភាពសិក្សា។
យុវតីវិច្ឆិកាថា ”ការរៀនតាមអនឡាញ គឺពិតជាពិបាកនៅក្នុងចាប់យកមេរៀន ព្រោះមេរៀនខ្លះ ខ្ញុំអត់សូវយល់ ហើយឱកាសនៃការសួរគ្រូក៏មានតិច” ។
ទោះបីជាយ៉ាងនេះក្តី វិច្ឆិកា នៅតែខិតខំព្យាយាមរៀនសូត្រ តាមប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីតាមឱ្យទាន់មេរៀនរបស់សាលាផងដែរ។
ជុំវិញរឿងនេះ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ក្រសួងអប់រំបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការពន្យារពេលនៃការចូលរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈនិងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ នៅទូទាំងប្រទេស។
សូមបញ្ជាក់ដែរថា នៅក្នុងចំណុចទី៤ នៃសេចក្តីប្រកាសនេះ បានផ្តោតយ៉ាងសំខាន់ ទៅលើការពន្យារពេលនៃការចូលរៀនឡើងវិញ រហូតដល់មានការជូនដំណឹងជាថ្មី និងបន្តអនុវត្តវិធានការ ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិកជាដើម៕ ដោយ៖ ឃួន លក្ខិណា