កងទ័ពរបស់រដ្ឋាភិបាលលីប៊ី ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ បានវាយដណ្ដើមគ្រប់គ្រងឡើងវិញ ទីក្រុងចំនួន២ នៅជិតព្រំដែន នៃប្រទេសទុយនេស៊ី បន្ទាប់ពីវាយដណ្ដើមកាន់កាប់បានមូលដ្ឋានទ័ពអាកាសយុទ្ធសាស្រ្ដ al-Watiya កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅថ្មីៗនេះ។
កងទ័ពសម្ពន្ធមិត្តរួមជាមួយនឹងរដ្ឋាភិបាល នៃកិច្ចព្រមព្រៀងជាតិ (GNA) របស់ប្រទេសលីប៊ី ដែលទទួលស្គាល់ជាលក្ខណ:អន្ដរជាតិ ដឹកនាំដោយលោក Fayez al-Sarraj បានថ្លែងថា GNA និងសម្ពន្ធមិត្តបានវាយដណ្ដើមគ្រប់គ្រងឡើងវិញ នៅទីក្រុងចំនួន២ ពីកងកម្លាំងរបស់មេបញ្ជាការយោធា លោក Khalifa Haftar ដែលគាំទ្រដោយរុស្ស៊ី។
GNA បានថ្លែងសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែឧសភា ថា កងកម្លាំងវីរជនរបស់យើង បានចូលកាន់កាប់ទីក្រុង Bader និងទីក្រុង Tiji ។ នៅពេលកងទ័ពរបស់យើងចូលទៅដល់ទីនោះ ក៏ទទួលបានការស្វាគមន៍ ពីអ្នកស្រុកផងដែរ។
កងកម្លាំងសម្ពន្ធមិត្ដរបស់ GNA កាលពីដើមសប្ដាហ៍នេះ បានវាយដណ្ដើមកាន់កាប់ឡើងវិញ នៅមូលដ្ឋានកងទ័ពអាកាសយុទ្ធសាស្រ្ដ នៅភាគខាងត្បូង នៃរដ្ឋធានីទ្រីប៉ូលី។ មូលដ្ឋានទ័ពអាកាសនេះ បានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់លោកមេបញ្ជាការយោធា Haftar ចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ។
អ្នកវិភាគ បានលើកឡើងថា ការបាត់បង់មូលដ្ឋានកងទ័ពអាកាស ដែលជាមូលដ្ឋានដ៏សំខាន់របស់កងកម្លាំងរបស់លោក Haftar នៅភាគបច្ចិម (ខាងលិច) នៃប្រទេសលីប៊ីនោះក៏ជាសញ្ញាដ៏អាក្រក់មួយសម្រាប់លោក Haftar ដែលព្យាយាមដណ្ដើមកាន់រដ្ឋធានីទ្រីប៉ូលី ពីកងកម្លាំង GNA ផងដែរ។
ក្រោយបាត់បង់ការគ្រប់គ្រងមូលដ្ឋានកងទ័ពអាកាសខាងលើ លោក Ahmed al-Mesmari អ្នកនាំពាក្យរបស់កងទ័ពជាតិលីប៊ី (LNA) របស់លោក Haftar បានថ្លែង កាលពីថ្ងៃទី១៩ ខែឧសភាថា កងកម្លាំងដែលមានមូលដ្ឋាន នៅភាគខាងកើត នៃប្រទេសលីប៊ី ត្រូវបានដកចេញពីតំបន់ ប្រយុទ្ធគ្នា នៃរដ្ឋធានីលីប៊ី។
លោក Fathi Bashagha រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នៃ GNA បានសរសេរ នៅលើបណ្ដាញ Twitter ថា ជោគវាសនា នៃជ័យជម្នះរបស់មេបញ្ជាការយោធា លោក Haftar គឺស្ថិតក្នុងចំណុចសូន្យ មិនខុសពីអ្វី នៃការបាត់បង់មូលដ្ឋាន Watiya អ៊ីចឹងដែរ។
រដ្ឋាភិបាល GNA បានទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ ហើយ GNA ក៏មានការជួយផ្នែកយោធាពីប្រទេសតួកគី។ ដោយឡែក LNA ក្រោមការគ្រប់គ្រង ដោយលោក Haftar ក៏មានការជួយជ្រោមជ្រែងពីប្រទេសអារ៉ាប់រួម (UAE) រុស្ស៊ី និងអេហ្ស៊ីបផងដែរ។
ប្រទេសលីប៊ី បានធ្លាក់ចូលក្នុងស្ថានភាពវឹកវរ ចាប់តាំងពីការផ្ទុះឡើងសង្រ្គាមស៊ីវិល ហើយអង្គការណាតូបានចូលរួមផ្ដួលរំលំរបបគ្រប់គ្រងផ្ដាច់ការរបស់លោក Muammar Gaddafi នៅក្នុងអំឡុងឆ្នាំ២០១១។ ក្រោយមក ក៏កើតមានកងកម្លាំង GNA និង LNA តែងតែវាយប្រហារគ្នាយ៉ាងបង្ហូរឈាម រហូតមកដល់សព្វថ្ងៃនេះ៕ ប្រែសម្រួល ដោយ Nuon