ខ្មាន់កាំភ្លើងបានបាញ់រះ នៅក្នុងព្រះវិហារមួយកន្លែង ស្ថិតនៅភាគកណ្តាលប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស យ៉ាងតិច៨នាក់ និង៥នាក់ផ្សេងទៀត រងរបួស។
លោកស្រី Wahida Shahkar អ្នកនាំពាក្យអភិបាលខេត្ត Parwan បានថ្លែងថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារទៅលើមនុស្ស នៅខាងក្នុងព្រះវិហារ កាលពីរសៀល ទី១៩ ខែឧសភា ឆ្នាំ២០២០ ខណ:ជនរងគ្រោះទាំងនោះកំពុងបួងសួង និងសូត្រធម៌ ។
ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើង នៅក្នុងរដ្ឋធានី Charekar ខេត្ត Parwan ហើយនេះជាទង្វើរបស់ក្រុមឧទ្ទាមតាលីបង់ ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមតាលីបង់ បានប្រកាសបដិសេធការទទួលខុសត្រូវណាមួយទៅលើអំពើហិង្សាខាងលើ។ ប៉ុន្ដែក្រុមនេះបានចោទថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានទៅវិញទេ ជាអ្នកដែលត្រូវបន្ទោស។
អង្គការសហប្រជាជាតិ បានព្រមានចំពោះអំពើហិង្សា ដែលបានកើតឡើងប្រឆាំងនឹងជនស៊ីវិល នៅលើទឹកដីអាហ្វហ្គានីស្ថាន ។
ការវាយប្រហារដ៏រន្ធត់ កាលពេលថ្មីៗនេះ បានកើតទៅលើមន្ទីរពេទ្យមួយ ក្នុងទីក្រុងកាប៊ុល ដោយបានសម្លាប់មនុស្សយ៉ាងតិច២៤នាក់ ក្នុងនោះមានទាំងទារកទើប នឹងកើតផងដែរ។
អំពើហិង្សា នៅក្នុងប្រទេសនេះ តែងតែកើតឡើងជាញឹកញាប់ បើទោះជា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ មានកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើង រវាងអាមេរិក និងក្រុមតាលីបង់ យ៉ាងណាក៏ដោយ។ បើតាមកិច្ចព្រមព្រៀងនោះ បានមានចែងថា កម្លាំងបរទេស ក្រោមការដឹកនាំរបស់អាមេរិក ត្រូវតែដកចេញពីអាហ្វហ្គានីស្ថាន ជាថ្នូរនឹងការធានាសន្តិសុខពីក្រុមតាលីបង់ នៅក្នុងប្រទេសនេះ ។
កម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៩ ខែឧសភា បានប៉ះទង្គិចជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ នៅជុំវិញទីក្រុង Kunduz ដែលជាមជ្ឈមណ្ឌលដ៏សំខាន់ និងប្រកបដោយយុទ្ធសាស្ត្រ ។ នៅទីនោះក៏ជាគោលដៅចម្បងរបស់ក្រុមឧទ្ទាមតាលីបង់ វាយដណ្តើមគ្រប់គ្រងបានពីរដងរួចមកហើយ កាលពីពេលកន្លងមក។
សន្តិសុខភាគច្រើន បានបណ្តេញពួកជីវពលតាលីបង់ ដោយមានជំនួយពីកងទ័ពអាកាសផងដែរ ។
ក្រុមតាលីបង់បានបដិសេធទៅនឹងការអំពាវនាវជាថ្មីរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ឲ្យធ្វើកិច្ចព្រមព្រៀងឈប់បាញ់ ។
ក្រុមនេះបានច្រានចោលជាប់ពាក់ព័ន្ធនឹងការវាយប្រហារណាមួយទៅលើមន្ទីរពេទ្យ ដែលអាមេរិកជឿជាក់ថា នេះជាទង្វើរបស់ក្រុមរដ្ឋអ៊ិស្លាម IS ៕ ប្រែសម្រួលដោយ៖ thach yat