ការចេញផ្សាយរបស់ប្រភព Breitbart កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បញ្ជាក់ថា ប្រទេសចិនត្រូវបានរំពឹងថា នឹងបង្កើនការចំណាយទៅលើវិស័យការពារជាតិ សម្រាប់ឆ្នាំ២០២០នេះ ដោយសារតែការគំរាមកំហែងខ្លាំង ពីប្រទេសលោកខាងលិច ដឹកនាំដោយអាមេរិក។
ប្រភព Global Times គ្រប់គ្រងដោយរដ្ឋចិន បានផ្សាយ កាលពីថ្ងៃទី១៩ ខែឧសភា ថា សេចក្តីព្រាងការចំណាយលើវិស័យការពារជាតិ នាឆ្នាំ២០២០ ត្រូវបានរំពឹងថា នឹងប្រកាស នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ដោយមានការអនុម័តយល់ព្រម ពីសភាប្រជាជាតិចិន (NPC) ខណៈកំពុងសមាជ នៅក្នុងទីក្រុងប៉េកាំង ។
ប្រភពនេះដកស្រង់អ្នកជំនាញយោធារបស់ចិនបញ្ជាក់ថា ថវិកាការពារជាតិ អាចនឹងកើនឡើង៦ភាគរយដល់ចំនួន១,២៥ ពាន់ពាន់លានយន់ (Yuan) ឬប្រហែល១,៧៧ ពាន់លានដុល្លារអាមេរិក។
ប្រភពដដែលនេះ បានបញ្ជាក់ថា ការឆ្លងរាតត្បាតវីរុសកូវីដ១៩នេះ បាននាំឲ្យមានការតម្រូវការល់វិស័យការពារជាតិបន្ថែម ដោយអាស្រ័យថា មានកំណើនគំរាមកំហែងខាងយោធាពីបណ្តាប្រទេសលោកខាងលិចជាពិសេស សហរដ្ឋអាមេរិកតែម្តង។ ចាប់តាំងពីដើមឆ្នាំ២០២០មក អាមេរិកជានិច្ចកាលតែងតែបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ។
យោធាអាមេរិក រួមជាមួយបណ្តាប្រទេសលោកខាងលិច ក៏ដូចជា អូស្រ្តាលីជាដើម បានដាក់ពង្រាយនាវាចម្បាំង និងយន្តហោះចម្បាំងរបស់ពួកគេឲ្យប្រតិបត្តិការ នៅព្រំដែនទឹក នៃប្រទេសតំបន់អាស៊ីអាគ្នេយ៍ ជាប់នឹងដែនសមុទ្រចិនខាងត្បូង ។ ពួកគេបង្ហាញការគាំទ្រប្រទេសក្នុងតំបន់ ប្រឆាំងនឹងប្រទេសចិន ។
កាលពីខែមេសា ឆ្នាំ២០២០ អាមេរិក និងអូស្ត្រាលី បានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងទៅកាន់ដែនទឹកម៉ាឡេស៊ី ដើម្បីគាំទ្រដល់ប្រទេសនេះ ។ ការបញ្ជូននាវាចម្បាំងទៅគាំទ្រដល់ម៉ាឡេស៊ីនោះ ក៏ព្រោះតែស្ថានការណ៍តានតឹង រវាងម៉ាឡេស៊ី និងចិនបានកើនឡើង បន្ទាប់ពីកងនាវាចរណ៍ចិនដេញតាមប្រមាញ់ ក៏ដូចជា រារាំងដល់សកម្មភាពខួងយកប្រេង ដូចអ្វីដែលម៉ាឡេស៊ី ធ្លាប់ធ្វើនាពេលកន្លងមក នៅក្នុងដែនទឹកដែលថា ស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន ។ ទីក្រុងប៉េកាំងអះអាងថា ដែនទឹកដែលម៉ាឡេស៊ីកំពុងខួងយកប្រេងនោះ ស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន គឺតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ចិន៕ ប្រែសម្រួលដោយ៖ thach yat