នៅថ្ងៃអង្គារទី១៩ នេះ សហពន្ធ័បាល់ទាត់ប្រចាំប្រទេសអង់គ្លេស FA បានសម្រេចថានឹងមានការហ្វឹកហាត់ឡើងវិញ បន្ទាប់ពីមានការបោះឆ្នោតជាសំងាត់របស់ក្លឹបជាច្រើននៅ Premier leagueដើម្បីត្រៀមចាប់ផ្តើមការប្រកួតក្នុងខែមិថុនាខាងមុខនេះ ។
កីឡាករទាំងអស់ក៏ចាប់ផ្តើមចូលហ្វឹកហាត់វិញជាធម្មតា ក្លឹបផ្សេងៗក៏ចាប់ផ្តើមក្បួនយុទ្ធនាការក្នុងការហ្វឹកហាត់របស់ខ្លួន។ ទោះជាយ៉ាងណា ប្រធានក្រុម Watford កីឡាករ Troy Deeney បានបដិសេធទៅនឹងសំណើរបស់សហពន្ធ័មួយនេះ។ លោកលើកឡើងថា វាជារឿងមិនសមហេតុផលទាល់តែសោះក្នុងការហ្វឹកហាត់ ស្របពេលវីរុស Covid 19 នៅមិនទាន់រលត់បាត់នៅឡើយ។
Troy Deeney បានលើកឡើងថា៖ “យើងមិនហ៊ានសូម្បីតែទៅកន្លែងកាត់សក់ ប៉ុន្តែយើងបែរជាទៅប្រជុំគ្នាលើទីលានជាមួយមនុស្សជិត២០ ម្នាក់ផ្សេងទៀត ដែលវាជារឿងមិនសមហេតុផលទាល់តែសោះ។”
លោកបានបន្ថែមថា៖ “ខ្ញុំនឹងមិនទៅហ្វឹកហាត់វិញទេ។ វាមិនមែនខ្ញុំចង់ចំណេញប្រាក់ខែដោយទទេនោះទេ។ ខ្ញុំមានកូនប្រុសអាយុ៥ខែនៅផ្ទះ ដែលកំពុងមានបញ្ហាផ្លូវដង្ហើម។ ខ្ញុំមិនចង់ទៅផ្ទះវិញហើយ ផ្តល់ភាពគ្រោះថ្នាក់ដល់កូនខ្ញុំទេ។”