គេហទំព័រ ESPN បានចុះផ្សាយថា ក្លិប Manchester City ត្រៀមឱ្យកីឡាករ David Silva ចុះកុងត្រារយៈពេលខ្លីបន្ថែមលើកិច្ចសន្យាចាស់របស់គេដែលនឹងត្រូវផុតនៅចុងខែមិថុនា ខាងមុខដើម្បីមានឱកាសលេងឱ្យចប់រដូវកាលនេះ និងបានលាអ្នកគាំទ្រផងដែរ។
Silva បានចុះកុងត្រាជាមួយ Man City ក្រោយចាកចេញពីក្លិប Valencia ក្នុងឆ្នាំ២០១០ ហើយបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយឱ្យក្លិបឈ្នះពានរង្វាន់ដូចជា Premier League ចំនួន ៤ ដង FA Cup ២ ដងនិង League Cup ៥ ដងផងដែរ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ Silva បានបង្ហាញខ្លួនឱ្យក្លិបចំនួន ៤២៣ លើក ហើយរកបាន ៧៣ គ្រាប់។
ក្រោយចប់កុងត្រាជាមួយក្លិប ខ្សែបម្រើសញ្ញាតិអេស្ប៉ាញរូបនេះ កំពុងត្រូវបានក្លិប Inter Miami របស់អតីតកីឡាករជម្រើសជាតិអង់គ្លេស David Beckham ចាប់អារម្មណ៍ចង់បានយកទៅលេងនៅលីគកំពូលអាមេរិក MLS វិញម្តង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The Sun