ក្លិបបាល់ទាត់ហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងនាំមុខក្លិប Manchester United និង Tottenham Hotspur ក្នុងការនាំយកខ្សែបម្រើ Nicolo Zaniolo របស់ក្លិប Roma នៅរដូវក្តៅនេះ។
ខ្សែបម្រើ Zaniolo បានធ្វើឱ្យក្លិបធំៗជាច្រើនចាប់អារម្មណ៍ចង់ចុះហត្ថលេខានៅរដូវក្តៅនេះ ក្រោយបង្ហាញទម្រង់លេង និងមានសម្ថភាពមិនធម្មតានៅរដូវកាលនេះ ដោយរកបាន ៤ គ្រាប់ និងប៉ះបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទី(Assists) ១ គ្រាប់ផងដែរក្នុងការបង្ហាញខ្លួន ១៨ ប្រកួតនៅក្នុងក្របខណ្ឌ Serie A។
កាលពីពេលកន្លងទៅក្លិប Roma បានដាក់តម្លៃខ្លួនលក់ខ្សែបម្រើរូបនេះចំនួន ៧១ លានផោនឱ្យទៅក្លិបណាដែលមានចំណាប់អារម្មណ៍ចង់បាន។ តែក្នុងអំឡុងពេលការរាតត្បាតនៃវីររុស កូវីដ-១៩ ជាសកលធ្វើឱ្យវិស័យកីឡាបាល់ទាត់ជួបបញ្ហាផ្នែកហិរញ្ញវត្ថុស្ទើតែគ្រប់បណ្តាក្លិប។ ក្នុងអំឡុងពេលនេះក្លិប Roma ក៏បានជួបនូវបញ្ហាផ្នែកហិរញ្ញវត្ថុផងដែរ ដែលតម្រូវឱ្យក្លិបលក់កីឡាករមួយចំនួនចេញខ្លះដើម្បីមានលទ្ធភាពបើកប្រាក់ខែឱ្យបុគ្គលិក និងកីឡាករ។ បច្ចុប្បន្ន កីឡាករ Zaniolo ត្រូវបានក្លិបទម្លាក់តម្លៃខ្លួនមកត្រឹម ៥៥ លានផោនក្នុងអំឡុងពេល កូវីដ-១៩ ខណៈដែលក្លិប Liverpool កំពុងគិតគូទៅលើតម្លៃនេះ។
ដោយឡែក ក្លិប Man Utd ឯណោះវិញហាក់មិនហ៊ានចំណាយចំពោះតម្លៃនេះឡើយ ដោយពួកគេចង់ទុកប្រាក់ចំណាយទៅលើខ្សែបម្រើប្រយុទ្ធ Jadon Sancho របស់ក្លិប Borussia Dortmund ដែលកំពុងមានតម្លៃខ្លួនថ្លៃខ្លាំងនៅក្នុងទីផ្សាររដូវក្តៅនេះ។ យ៉ាងណាមិញក្លិបអ្នកមានបារាំង Paris Saint-Germain ក៏មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Zaniolo ផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The Sun