ភ្នំពេញ៖ ការប្រកួតកីឡាកង់ភ្នំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្តពន្យាពេលជាលើកទីពីរ ដោយនឹងត្រូវលើកទៅរៀបចំប្រកួត នាខែកញ្ញា ឆ្នាំ២០២០ខាងមុខវិញ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ១៩ ហាក់មិនទាន់ថមថយ។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានលោក នូ ចំរើន បានឱ្យដឹងថា ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំចាប់តាំងពីដើមឆ្នាំមកម្លេះ ប៉ុន្តែក្នុងឆ្នាំ២០២០នេះ សហព័ន្ធបានខកខានមិនអាចរៀបចំបានដោយសាតែជំងឺកូដវីដ១៩។ ដូច្នេះហើយទើបការប្រកួតជើងឯកកង់ភ្នំនេះ ត្រូវបានពន្យាពេល។
លោក នូ ចំរើន បានសង្កត់ធ្ងន់ថា ប្រសិនបើជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់បានទាំងស្រុង ដោយមិនមានការឆ្លងរាលដាល ឬបើកចំហឡើងវិញ នោះតាមគម្រោងសហព័ន្ធខ្មែរកីឡាទោចក្រយាន នឹងរៀបចំ នាអំឡុងខែកញ្ញា ឆ្នាំ២០២០ ដោយបង្រួមមកត្រឹមតែ ៣ដំណាក់កាលប៉ុណ្ណោះ។
គួរជម្រាបថា ជារៀងរាល់ឆ្នាំ ការប្រកួតកីឡាកង់ភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ មានចំនួន ៥ដំណាក់កាល ដំណាក់កាលទី១ ធ្វើនៅរាជធានីភ្នំពេញ ដំណាក់ទី២ ធ្វើនៅភ្នំប្រសិទ្ធ ដំណាក់កាលទី៣ ធ្វើនៅភ្នំជៀលខេត្តកំពង់ស្ពឺ ដំណាក់កាលទី៤ ធ្វើនៅឧទ្យានខេត្តកែប និងដំណាក់បញ្ចប់ ធ្វើនៅលើកំពូលភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២០នេះ សហព័ន្ធគ្រោងនឹងរៀបចំត្រឹមតែ ៣ដំណាក់កាលប៉ុណ្ណោះ ដោយសារវិបត្តិជំងឺកូវីដ១៩៕ ដោយ៖ តារា