ប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានរឹបអូសយកថ្នាំញៀនសំយោគដ៏ធំបំផុត មិនធ្លាប់មាន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ឬហៅកាត់ អាស៊ាន ។
ថ្នាំគ្រាប់មេតំហ្វេតាមីនជាង ២០០លានគ្រាប់, មេតំហ្វេតាមីនប្រភេទគ្រីស្តាល់ ៥០០ គីឡូក្រាម និងហេរ៉ូអ៊ីន ៣០០ គីឡូក្រាម ត្រូវបានប៉ូលិសរកឃើញ នៅក្នុងការវាយឆ្មក់ ស្ថិតនៅរដ្ឋ Shan ភាគឦសានប្រទេសមីយ៉ាន់ម៉ា ឬភូមា ។
ជនសង្ស័យ៣៣ នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការនេះ ដែលបានធ្វើឡើង រវាងខែកុម្ភៈ និងមេសា ឆ្នាំ២០២០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេចាត់ទុកថា ជាប្រភពផលិតមេតំហ្វេតាមីនខ្លាំងជាងគេបំផុតនៅលើសាកលពិភពលោក ។ នេះបើតាមការផ្សាយរបស់ប្រភពប៊ីប៊ីស៊ីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ។
លោកវរសេនីយ៍ឯក Zaw Lin ភ្នាក់ងារប្រឆាំងគ្រឿងញៀនមីយ៉ាន់ម៉ាបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ជនសង្ស័យបានប្រាប់ប៉ូលិសថា ថ្នាំញៀនភាគច្រើន ត្រូវបានយកទៅលក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសជិតខាងផងដែរ ។
ជាមួយគ្នានេះផងដែរ សារធាតុមេតាហ្វីលីតាន (methylfentanyl) ជាង៣ ៧០០ លីត្រ ដែលជាសារធាតុប្រើសម្រាប់ផលិតថ្នាំញៀន ត្រូវបានរកឃើញផងដែរ។
ប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសផលិតអាភៀនដ៏ធំលំដាប់ទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសអាហ្គានីស្ថាន ។ ការជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសនេះ បានរីកចម្រើនធំធាត់ ដោយសារតែសណ្ឋានតំបន់ដីភ្នំ និងព្រំដែនជាប់គ្នា ។
គេមានទីតាំងដែលហៅថា តំបន់“ត្រីកោណមាស” ជាកន្លែងចែកចាយគ្រឿងញៀនរវាងជាមួយប្រទេសចិន ឡាវ និងថៃ ។ ការជួញដូរគ្រឿងញៀននៅក្នុងតំបន់នេះ ក្នុងមួយឆ្នាំៗមានទឹកប្រាក់រាប់ពាន់លានដុល្លារ ។
នៅចន្លោះឆ្នាំ ២០១៨ និងឆ្នាំ២០១៩ មន្ទីរពិសោធន៍គ្រឿងញៀនសម្ងាត់ចំនួន ១៤ ត្រូវបានរឹបអូស ឬបំផ្លាញចោល នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
នៅឆ្នាំ២០១៧ ព្រះសង្ឃមួយអង្គ ត្រូវបានឃាត់ខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារជាប់ទាក់ទងនឹងថ្នាំមេតំហ្វេតាមីន ជាង ៤ លានគ្រាប់លាក់ទុកនៅក្នុងវត្តមួយ ៕ ប្រែសម្រួលដោយ៖ thach yat