តុលាការកងទ័ពជើងទឹក កាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា បានបើកសវនាការជាលើកដំបូងទាក់ទងនឹងការគ្រប់គ្រងមិនត្រឹមត្រូវ នៃដីធ្លីរបស់ក្រសួងការពារជាតិ នៅទីក្រុងហូជីមិញ ហើយអ្នកពាក់ព័ន្ធនឹងសំណុំរឿងនេះ រួមមាន អតីតអនុរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ង្វៀន វ៉ាន់ហៀន (Nguyễn Văn Hiến) មន្ត្រីកងនាវាចរណ៍ជាច្រើនរូប និងប្រធានក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនទៀត។
យោងតាមសាលក្រម នៃតុលាការ បានឲ្យដឹងថា នៅពេលលោក Hiến កាន់តំណែងជាអនុរដ្ឋមន្រ្ដីក្រសួងការពារជាតិ និងជាមេបញ្ជាការ នៃកងនាវាចរណ៍ប្រជាជនវៀតណាម លោកបានចុះហត្ថលេខា និងយល់ព្រមឲ្យប្រើប្រាស់ដីរបស់ក្រសួងការពារជាតិ នៅតាមផ្លូវ Tôn Đức Thắng និង Bến Nghé ដើម្បីគោលដៅសេដ្ឋកិច្ច។ ការសម្រេចចិត្ដខាងលើនេះ បានរំលោភទៅលើបទបញ្ជារបស់ក្រសួងការពារជាតិ និងរដ្ឋាភិបាល ក៏ដូចជា ច្បាប់ដីធ្លី ឆ្នាំ២០១៣ផងដែរ។
អតីតអនុរដ្ឋមន្រ្ដីក្រសួងការពារជាតិរូបនេះ ត្រូវបានចោទប្រកាន់ពីការមិនបានត្រួតពិនិត្យហិរញ្ញវត្ថ និងការមិនធ្វើតាមបទបញ្ជាពីក្រសួងការពារជាតិ។ សកម្មភាពទាំងនេះ រួមបញ្ចូលទាំងកាតព្វកិច្ចរបស់គាត់ ដើម្បីបញ្ជាក់ពីមូលហេតុ ដែលការអនុញ្ញាតឱ្យនាយកក្រុមហ៊ុន ហៃធីញ (Hải Thành) ដើម្បីចុះកិច្ចសន្យាបណ្តាក់ទុន។ សកម្មភាពនេះបានជួយឲ្យដៃគូអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លី សម្រាប់យកទៅបញ្ចាំ ផ្លាស់ប្តូរលក្ខណៈ នៃកម្មសិទ្ធិ និងផ្ទេរដីទៅឱ្យភាគីទីបី។
សកម្មភាពរបស់អតីតអនុរដ្ឋមន្រ្ដីរូបនេះ បានធ្វើឲ្យកងទ័ពជើងទឹកបាត់បងសិទ្ធិគ្រប់គ្រង និងការប្រើប្រាស់ដីធ្លីនោះ រហូតដល់រយ:ពេល៤៩ឆ្នាំ។ ករណីនេះ នឹងធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ រាប់សិបលានដុល្លារ(VNĐ939 billion) ថែមទៀតផង។
លោក Nguyễn Văn Hiến អាយុ៦៧ឆ្នាំ កាលពីថ្ងៃទី១៨ ខែឧសភា បានចូលនិវត្ដន៍ ហើយក៏បានរងការចោទប្រកាន់ពីការខ្វះការទទួលខុសត្រូវ ទើបបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរបែបនេះ។ នេះបើអនុលោមតាមកថាខណ្ឌទី៣ មាត្រា ៣៦០ នៃក្រមព្រហ្មទណ្ឌ ២០១៥។
បទចោទប្រកាន់ខាងលើនេះ ក្រៅពីអតីតអនុរដ្ឋមន្រ្ដីក្រសួងការពារជាតិវៀតណាម ក៏នៅមានមន្រ្ដីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀតផងដែរ៕ ប្រែសម្រួលដោយ Nuon