ប្រធានាធិបតី និងប្រធានរដ្ឋសភាឥណ្ឌូនេស៊ី នឹងទៅកាន់តុលាការរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធបទបញ្ជាលេខ០១ ឆ្នាំ២០២០ ស្តីពីការដោះស្រាយវិបត្តិពាក់ព័ន្ធនឹងកូវីដ១៩។
តុលាការធម្មនុញ្ញឥណ្ឌូនេស៊ី កាលពីថ្ងៃ ទី១៨ ខែឧសភា បានចេញលិខិតកោះហៅប្រធានាធិបតី និង ប្រធានរដ្ឋសភា មកសួរនាំពាក់ព័ន្ធនឹងការដោះស្រាយស្ថានភាពកូវីដ១៩។ ការសាកសួរនឹងធ្វើឡើង នៅថ្ងៃទី២០ ខែឧសភា ដើម្បីឲ្យប្រធានាធិបតី បកស្រាយពាក់ព័ន្ធបទបញ្ជាលេខ១ ឆ្នាំ២០២០ របស់រដ្ឋាភិបាល ជំនួសច្បាប់ Perppu ។ នៅក្នុងបទបញ្ជានោះ មានគោលនយោបាយ សេដ្ឋកិច្ច និងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ ក្នុងការដោះស្រាយវិបត្តិពាក់ព័ន្ធកូវីដ១៩ ដែលបានអនុម័ត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
អ្នកសម្របសម្រួល នៃសហគមន៍ប្រឆាំងអំពើពុករលួយឥណ្ឌូនេស៊ី (MAKI) លោក Boyamin Saiman បានបញ្ជាក់ថា អ្នកដែលដាក់លិខិតស្នើប្រធានាធិបតិ Joko Widodo និងប្រធានរដ្ឋសភា លោកស្រី Puan មិនត្រូវអវត្តមាន នៅក្នុងការកោះហៅឲ្យបំភ្លឺរបស់តុលាការធម្មនុញ្ញនោះឡើយ។
នៅក្នុងលិខិតកោះហៅរបស់តុលាការធម្មនុញ្ញ ក្នុងករណីប្រធានាធិបតី អវត្តមាន គឺរដ្ឋមន្ត្រីទទួលបន្ទុកច្បាប់ និងសិទ្ធិមនុស្សឥណ្ឌូនេស៊ី ព្រមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ត្រូវតែបកស្រាយបំភ្លឺជំនួសវិញ៕ ប្រែសម្រួលដោយ៖ MEO