ប្រភពព័ត៌មានប៊ីប៊ីស៊ី បានផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា តុលាការរដ្ឋបាលរបស់ប្រទេសបារាំងបានសម្រេចថា រដ្ឋាភិបាលត្រូវតែលុបចោលបម្រាមលើការជួបជុំ នៅកន្លែងគោរពបូជាសាសនា ក្នុងរយៈពេលប្រាំបីថ្ងៃទៀត ។
ការហាមឃាត់របស់រដ្ឋាភិបាលដែលបានដាក់ចេញនាគ្រាកន្លងមកនោះ គឺជាផ្នែកមួយ នៃវិធានការទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណាវីរុស ឬកូវីដ១៩ (COVID-19) ។
ក្រុមប្រឹក្សារដ្ឋបានចាត់ទុកថា ការដាក់បម្រាមជួបជុំគោរពបូជាសាសនារបស់រដ្ឋាភិបាលនោះ មានលក្ខណៈមិនស្មើគ្នា និងបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ និងខុសច្បាប់ថែមទៀតផង ។
នៅក្នុងប្រទេសបារាំង រហូតមកដល់ពេលនេះ មនុស្សជាង ២៨ ០០០ នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩ ។
គួរបញ្ជាក់ថា ការប្រមូលផ្តុំ នៅកន្លែងគោរពបូជាតាមបែបសាសនា នៅក្នុងប្រទេសបារាំង ត្រូវបានហាមឃាត់ លើកលែងតែពិធីបុណ្យសពប៉ុណ្ណោះ ដែលបានកំណត់ឲ្យមនុស្សចូលរួម ឬជួបជុំគ្នាត្រឹមតែ២០នាក់ ។
ទោះយ៉ាងណា ចៅក្រមតុលាការរដ្ឋបាលបារាំង បានថ្លែងថា នៅពេលមានការជួបជុំឯកជន រហូតដល់១០នាក់ត្រូវបានអនុញ្ញាតនោះ ការហាមឃាត់របស់រដ្ឋាភិបាលលើការជួបជុំគោរពបូជាសាសនានោះ គឺ “គឺមិនសមាមាត្រទៅនឹងគោលបំណង នៃការថែរក្សាសុខភាពសាធារណៈ ”នោះឡើយ ។
លោក Bruno Retailleau មេដឹកនាំគណបក្សស្តាំនិយម បានថ្លែងនៅលើបណ្តាញសង្គម Twitter ថា សេចក្តីសម្រេចរបស់តុលាការរដ្ឋបាលនេះ គឺជា “ដំណឹងល្អសម្រាប់សេរីភាពខាងសាសនា” ។
បច្ចុប្បន្ន ប្រទេសបារាំងកំពុងស្ថិតនៅចំណុចកណ្តាល នៃការបន្ធូរបន្ថយច្បាប់ចាក់សោ ឬបិទប្រទេស ខណៈដែលកំពុងព្យាយាមធានាថា ប្រទេសនេះមិនមានករណីរលកទីពីរ ឆ្លងរាតត្បាតពីវីរុសកូវីដ១៩នោះឡើយ ។ មេដឹកនាំសាសនាទាំងអស់ត្រូវបានគេណែនាំមិនឱ្យរៀបចំពិធីជួបជុំ ចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ។
ប្រទេសបារាំងមានករណីកូវីដ១៩ នៅក្នុងខែកុម្ភៈ ដែលមានប្រភពដើមពីក្នុងព្រះវិហារសាសនា ។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅព្រះវិហារ ក្នុងទីក្រុង Mulhouse ដើម្បីប្រារព្ធពិធីសាសនា រយៈពេលមួយសប្តាហ៍ ។ ប្រភពរ៉យទ័របានផ្សាយថា មនុស្សប្រហែល២៥០០ នាក់ជុំវិញពិភពលោក មានជាប់ពាក់ព័ន្ធការឆ្លងវីរុសកូវីដ១៩ ចេញពីព្រះវិហារ Mulhouse នោះ ។
ការជួបជុំតាមបែបសាសនា នៅព្រះវិហារមួយកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានបណ្តាលឲ្យមានការឆ្លងរាតត្បាតពីវីរុសនេះប្រហែលជាង៥ពាន់ករណីផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat