ភ្នំពេញ៖ កាលពីម្សិលមិញនេះ ធ្វើតេស្តរកវីរុសកូវីដ១៩ បានចំនួន ២០៥ សំណាក ខណៈកម្ពុជាបន្តគ្មានករណីឆ្លងជំងឺកូវីដ១៩។ នេះតាមរបាយការណ៍នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ចេញនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាពុំរកឃើញករណីជំងឺកូវីដ១៩ថ្មីទេ។ ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានអំពាវនាវត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ ហើយត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។
សូមជម្របថា ក្រោយពីរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កម្ពុជា បានធ្វើតេស្តរកវីរុសកូវីដ១៩ ចំនួន ១៥.៤៤៧នាក់ ស្មើនឹង ៩៥០នាក់ក្នុង ១លាននាក់៕ ដោយ៖ តារា