សារព័ត៌មាន Bloomberg កាលពីថ្ងៃ ទី១៨ ខែឧសភា បានផ្សាយថា មានពលរដ្ឋចិន១០៨លាននាក់ ស្ថិតនៅភាគឦសាន នៃប្រទេសចិន ត្រូវបានបិទខ្ទប់ជាថ្មីឲ្យនៅក្នុងផ្ទះ ដោយសារកូវីដ១៩។
នៅខេត្ត Jilin រាល់សេវាកម្មរថយន្តក្រុង រថភ្លើង សាលារៀន ត្រូវបិទទ្វារ ហើយពលរដ្ឋរាប់ពាន់នាក់ ត្រូវបានកាត់ផ្តាច់ជាថ្មី។ បើគិតមកដល់ថ្ងៃទី១៨ ខែឧសភា មានចំនួនអ្នកឆ្លងកូវីដថ្មី នៅក្នុងខេត្ត Jilin មានដល់ទៅ១២៧នាក់ ។ បើទោះជាមានចំនួនតិច តែរដ្ឋាភិបាលត្រូវតែទប់ស្កាត់ឲ្យបានទាន់ពេលវេលា។
សេវាកម្មដឹកជញ្ជូនទំនិញតាមផ្ទះត្រូវបានផ្អាកហើយ ការលក់ថ្នាំផ្តាសាយ នៅតាមឱសថស្ថាននានា ក៏ត្រូវហាមប្រាមក្នុងគោលដៅទប់ស្កាត់ការលាក់បាំងអ្នកឆ្លងកូវីដ១៩ផងដែរ។
មន្ត្រីរដ្ឋាភិបាលទីក្រុង Shu Lan នៅក្នុងខេត្ត Jilin កាលពីថ្ងៃទី១៨ ខែឧសភា បានប្រកាសពីគម្រោងបិទទីក្រុង ដើម្បីគ្រប់គ្រងការឆ្លងរាលដាល។ នៅតំបន់ប្រជុំជនមានពលរដ្ឋសង្ស័យឆ្លងកូវីដ១៩ គឺត្រូវបានកាត់ផ្តាច់ឲ្យនៅដោយឡែក ហើយគ្រួសារនីមួយៗ អាចចេញទៅក្រៅផ្ទះ រកទិញអាហារបានតែម្នាក់ ក្នុងរយៈពេល២ម៉ោង ក្នុងមួយថ្ងៃ។
នៅពេលនេះ មន្ត្រីសុខាភិបាលចិន មិនទាន់ដឹងថា កូវីដ១៩ កើតចេញពីទីណានោះឡើយ ប៉ុន្តែមានការសង្ស័យថា វាអាចនឹងឆ្លងពី មនុស្សដែលប៉ះពាល់ជាមួយអ្នកទើបមកពីប្រទេសរុស្ស៊ី ដែលជាប្រទេសមានអ្នកឆ្លងលំដាប់ទីពីរ នៅលើពិភបលោក៕ ប្រែសម្រួលដោយ៖MEO