រ៉ុក្កែតមួយគ្រាប់បានធ្លាក់នៅលើផ្ទះមួយខ្នងដែលគ្មានមនុស្សរស់នៅក្នុងតំបន់បៃតង ជិតស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ។ ប៉ុន្តែនៅក្នុងហេតុការណ៍ មិនបានបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សណាម្នាក់នោះឡើយ។
ប្រភព Sputnik កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានផ្សាយថា យោងតាមការិយាល័យព័ត៌មានយោធារបស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បានបញ្ជាក់ថា រ៉ុក្កែត Katyusha ដែលត្រូវបានបាញ់ចេញពីស្រុក ភាគខាងកើត នៃទីក្រុងបាដាដនោះ បានធ្លាក់ចំពីលើផ្ទះមួយខ្នងដែលគ្មានមនុស្សរស់នៅ ស្ថិតក្នុងតំបន់បៃតង តែមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។ រ៉ុក្កែតនេះបានបណ្តាលឱ្យ “ខូចខាតតិចតួចដល់ជញ្ជាំងផ្ទះ” ។
គួរបញ្ជាក់ថា តំបន់បៃតង គឺសំដៅទៅលើ “តំបន់អន្តរជាតិ” ស្ថិតក្នុងសង្កាត់ Karkh ភាគកណ្តាល ទីក្រុងបាដាដ ។ តំបន់នេះជាទីតាំងបម្រើការរបស់មជ្ឈមណ្ឌលរដ្ឋាភិបាលនៃអាជ្ញាធរបណ្តោះអាសន្នរបស់កម្លាំងសម្ព័ន្ធមិត្ត បន្ទាប់ពីការលុកលុយ ដឹកនាំដោយអាមេរិកនៅអ៊ីរ៉ាក់ នាឆ្នាំ២០០៣ ។
សហរដ្ឋអាមេរិកបានដឹកនាំក្រុមកម្លាំងចម្រុះ ជាង៦០ប្រទេស ធ្វើប្រតិបត្តិការវាយប្រហារតាមអាកាស និងប្រតិបត្តិការផ្សេងទៀត ប្រឆាំងទៅលើក្រុមភេរវករ Daesh នៅក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីខែសីហា ឆ្នាំ២០១៤ និងនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤ ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមកម្លាំងចម្រុះនេះបាននិងកំពុងធ្វើសកម្មភាព នៅក្នុងប្រទេសស៊ីរី ដោយគ្មានការយល់ព្រមពីប្រទេសរដ្ឋាភិបាលប្រទេសស៊ីរី ឬក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះឡើយ ៕ ប្រែសម្រួលដោយ៖ thach yat