ការប្រើប្រាស់សាប៊ូលាងសម្អាតក្នុងផ្ទះមានជាតិគីមី ដែលច្រកក្នុងដបជ័រមានលក់ពាសពេញទីផ្សារ ជារៀងរាល់ថ្ងៃមានការប៉ះពាល់ដល់សុខភាពជាខ្លាំង ជាពិសេសគឺសួត។ បើយកតាមកាសែតអនឡាន The Independent UKបានចុះផ្សាយថា ការប្រើប្រាស់ផលិតផលសម្អាតផ្ទះដែលមានជាតិគីមី មានផលប៉ះពាល់ដល់សួត ដូចជក់បារី ២០ដើមក្នុងមួយថ្ងៃ។ ការសិក្សាមួយនេះបានតាមដានមនុស្ស៦០០០នាក់រយៈពេល២០ឆ្នាំ ហើយរកឃើញថាស្ត្រីរងការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរបន្ទាប់ពីការប្រើប្រាស់ផលិតផលលាងសម្អាតគីមីក្នុងរយៈពេលយូរ។ អ្នកដែលប៉ះពាល់ខ្លាំង គឺមេផ្ទះដែលប្រើប្រាស់ប៉ះផ្ទាល់នូវផលិតផលទាំងនោះ តែថែមពីនេះសមាជិតគ្រួសារដែលរស់នៅក្នុងផ្ទះជាពិសេសក្មេងៗតូចៗក៏មានទទួលឥទ្ធិពលពីជាតិគីមីតាមរយៈការហិតក្លិនផងដែរ។
ដំណោះស្រាយពីបញ្ហានេះ ងាយស្រួលនិងចំណាយអស់ប្រាក់តិចជាងការគិតរបស់អ្នកទាំងអស់គ្នាទៅទៀត។ប្រសិនបើការលាងសម្អាតដោយទឹកទទេពុំអាចដោះស្រាយ ឬលាងសម្អាតភាពកខ្វក់ទាំងនោះបានទេ។ អ្នកទាំងអស់គ្នាអាចសាកល្បងប្រើប្រាស់ទឹកសម្អាតធម្មជាតិបាន។ ខាងក្រោមជាវិធីធ្វើទឹកលាងសម្អាតផ្ទះដោយខ្លួនឯង ធ្វើពីធម្មជាតិ១០០%
ដំបូងយើងត្រូវមានទឹកខ្មេះ ក្រូច និងក្រឡថ្ម។ ចិតក្រូចយកសំបក ហើយយកសំបកក្រូចទៅត្រាំក្នុងទឹកខ្មេះអោយបានរយៈពេលប្រមាណមួយខែ។ ទឹកខ្មោះនឹងប្រែទៅជាពណ៌ទឹកក្រូច បន្ទាប់មក យកទឹកខ្មេះដែលត្រាំរួចនោះទៅលាយជាមួយទឹកធម្មតា ទឹកខ្មេះមួយភាគ ទឹកធម្មតាមួយភាគ ជាការស្រេច។ ទឹកនេះ អាចប្រើជូតសម្អាតបានច្រើនកន្លែង ដូចជាចង្រ្កាន បន្ទាប់ទឹក ការ៉ូ ជញ្ជាំង បង្អួច និងកញ្ចក់ថែមទៀតផង។ វាមានអត្ថប្រយោជន៍ជាច្រើន ដូចជាមិនបណ្តាលអោយស្បែកអាឡែកហ្ស៊ី និងមិនប៉ះពាល់ដល់សួតនោះទេ។ ក្រៅពីការពារសុខភាពអ្នកទាំងអស់គ្នា ការប្រើប្រាស់ទឹកសម្អាតធម្មជាតិនេះ ក៏អាចជួយការពារបរិស្ថានបានយ៉ាងច្រើនផងដែរតាមរយៈការកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទីកដែលវិចខ្ជប់សាប៊ូទាំងនោះ។