អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន៖ ការប្រកួតជើងឯកកីឡាកង់ភ្នំគ្រោងលើកទៅរៀបចំ នៅខែកញ្ញា ឆ្នាំ២០២០
AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០–
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានលើកឡើងថា ការប្រកួតកីឡាកង់ភ្នំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលលើកពេលតាំងពីដើមឆ្នាំ និងបន្តពន្យាពេលក្នុងខែឧសភា ឆ្នាំ២០២០នេះ នឹងត្រូវលើកទៅរៀបចំប្រកួត នាខែកញ្ញា ឆ្នាំ២០២០វិញ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃចន្ទទី១៨ ខែឧសភា ឆ្នាំ២០២០នេះថា ព្រឹត្តិការណ៍ជើងឯកកង់ភ្នំ ដែលសហព័ន្ធតែងតែបានរៀបចំជារៀងរាល់ដើមឆ្នាំ ដើម្បីសម្រិតសម្រាំងរកធនធានឆ្នើមៗលើជំនាញកង់ភ្នំយកមកដុះខាត់សមត្ថភាពបន្ថែម ដើម្បីត្រៀមចូលរួមការប្រកួតប្រជែងនៅព្រឹត្តិការណ៍ស៊ីហ្គេម នាពេលខាងមុខ ក៏ដូចជាការប្រកួតក្នុងកម្រិតអន្តរជាតិផ្សេងៗផងដែរ។
អគ្គលេខាធិការរូបនេះបន្ថែមទៀតថា ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍នេះ ត្រូវ បានរៀបចំចាប់តាំងពីដើមឆ្នាំមកម្លេះ ប៉ុន្តែក្នុងឆ្នាំ២០២០នេះសហព័ន្ធបានខកខានមិនអាចរៀបចំបានដោយ សាតែជំងឺកូដវីដ-១៩។ ដូច្នេះហើយទើបការប្រកយតជើងឯកកង់ភ្នំនេះត្រូវបានពន្យាពេល។ លោកបានបន្ដថា ប្រសិនបើជំងឺកូវីដ-១៩ ត្រូវបានទប់ស្តាត់បានទាំងស្រុងដោយមិនមានការឆ្លងរាលដាល ឬបើកចំហឡើងវិញនោះ តាមគម្រោងសហព័ន្ធខ្មែរកីឡាទោចក្រយាននឹងរៀបចំ នាអំឡុងខែកញ្ញា ឆ្នាំ២០២០ ដោយបង្រួមមកត្រឹមតែ៣ដំណាក់កាលប៉ុណ្ណោះ។
លោក នូ ចំរើន បានអះអាងថា ការប្រជែង៣ដំណាក់កាលនេះត្រូវជ្រើសរើស៣ទីតាំងមានដូចជា ដំ ណាក់កាលទី១ត្រូវប្រកួតនៅទីលានភ្នំជៀលខេត្តកំពង់ស្ពឺ,ដំណាក់កាលទី២ គ្រោងធ្វើនាខែវិច្ឆិកា នៅឧទ្យាន ខេត្តកែប និងដំណាក់កាលទី៣ដែលជាដំណាក់កាលប្រកួតបញ្ចប់ចុងក្រោយ គ្រោងនឹងធ្វើនៅលើកំពូលភ្នំគិរីរម្យ នាអំឡុងខែធ្នូ ឆ្នាំ២០២០។
សូមរម្លឹកថា ការប្រកួតកីឡាកង់ភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិ ជារៀងរាលឆ្នាំ សហព័ន្ធខ្មែរកីឡា ទោចក្រយានបានរៀបចំចំនួន៥ដំណាក់កាល ដំណាក់កាលទី១ ធ្វើនៅរាជធានីភ្នំពេញ ដំណាក់ទី២ធ្វើនៅ ភ្នំប្រសិទ្ធ ដំណាក់កាលទី៣ ធ្វើនៅភ្នំជៀលខេត្តកំពង់ស្ពឺ ដំណាក់កាលទី៤ធ្វើនៅឧទ្យានខេត្តកែប និងដំណាក់ បញ្ចប់ធ្វើនៅលើកំពូលភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២០នេះ សហព័ន្ធគ្រោងនឹងរៀប ចំត្រឹមតែ៣ដំណាក់កាលប៉ុណ្ណោះ ដោយសារពេលវេលា មិនអំណាយផល ដោយសារជំងឺកូវីដ-១៩៕