ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងមានបំណងចង់ចុះហត្ថលេខាយកខ្សែបម្រើ Ryan Fraser ពីក្លិប Bournemouth ដោយគ្មានតម្លៃខ្លួនផ្ទេរ ខណៈពេលដែលសាមីខ្លួនផ្ទាល់ចង់ផ្លាស់ទៅចូលរួមជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspur នៅរដូវក្តៅនេះ។
ខ្សែបម្រើសញ្ជាតិស្កុតឡេនខាងលើនេះ នឹងត្រូវអស់កុងត្រាជាមួយក្លិប Bournemouth នៅរដូវក្តៅខាងមុខ ពោលគឺនៅខែមិថុនា បន្ទាប់ពីចំណាយរយៈពេលលេងជាង ៧ឆ្នាំ នៅទឹកដី Vitality ក្រោយផ្ទេរចេញមកពីក្លិប Aberdeen នៅក្នុងឆ្នាំ២០១៣។ ក្លិប Arsenal បានចាត់ទុក Fraser ជាបេក្ខភាពមួយរូបក្នុងការនាំយកមកកាន់ទីក្រុងឡុងដ៍នៅរដូវក្តៅនេះ ដោយគ្មានតម្លៃខ្លួន។
យ៉ាងណាមិញ បើយោងតាមសារព័ត៌មាន Mirror បានចុះផ្សាយថា កីឡាករ Fraser មិនមានបំណងចង់ផ្លាស់ទៅចូលរួមជាមួយកាំភ្លើងធំនៅរដូវក្តៅនេះទេ ដោយរូបគេកំពុងសម្លឹងឃើញអនាគតថ្មីជាមួយ Tottenham ក្រោមការដឹកនាំរបស់ លោក Jose Mourinho។ Fraser ចង់មានឱកាសបង្ហាញសមត្ថភាពនៅក្របខណ្ឌកំពូលរបស់អឺរ៉ុប Champions League ក្នុងអាជីពបាល់ទាត់របស់ខ្លួនជាមួយក្លិបណាដែលអាចមានលទ្ធភាពលេងពានរង្វាន់នេះបាន។
យ៉ាងណាក៏ដោយ ក្លិប Bournemouth នៅតែមានសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលឱ្យកីឡាករ Fraser បន្តកុងត្រាជាមួយពួកគេបន្ថែមទៀតនៅរដូវក្តៅនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖The Sun