ផ្លូវអង្គដួង គឺជាផ្លូវដ៏សំខាន់ សម្រាប់ការធ្វើដំណើរនាសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ពីរាជធានីឧដុង្គ ឆ្ពោះទៅកំពង់ផែសមុទ្រតែមួយគត់របស់កម្ពុជា គឺកំពង់ផែនៅខេត្តកំពត (ខេត្តកែបសព្វថ្ងៃ) ដែលមានប្រវែង ១៦០គីឡូម៉ែត្រ ឬ៤០០០សិន (១សិនស្មើ៤០ម៉ែត្រជាខ្នាតខ្មែរសម័យដើម)។
កាលណោះកំពង់ផែព្រៃនគរ ត្រូវបានយួន និងបារាំងកំពុងតែច្បាំងគ្នាបណ្ដាលឲ្យកប៉ាល់ខ្មែរមិនអាចធ្វើចរាចរណ៍ឆ្លងកាត់តាមទន្លេមេគង្គ ឆ្ពោះទៅសមុទ្របានទៀតឡើយ។
នៅឆ្នាំ១៨៥១ ព្រះអង្គដួងបានបញ្ជាអោយកេណ្ឌប្រជារាស្ត្រទៅកសាងផ្លូវនេះឡើង ដោយបានផ្តល់ប្រាក់កម្រៃជូនកំណែនផង ក្នុងគោលបំណងធ្វើដំណើរតាមផ្លូវគោកវិញ ជំនួសផ្លូវទឹកដែលយួនរារាំងកប៉ាល់ខ្មែរ មិនឲ្យចេញចូលឆ្លងកាត់តាមទន្លេ មេគង្គបាន។
ព្រះអង្គបានបង្កើតកំពង់ផែសមុទ្ររបស់ខ្មែរនៅខាងកើតភ្នំកែប ទល់មុខកោះទន្សាយ សម្រាប់ផលប្រយោជន៍ពាណិជ្ជកម្ម និងទំនាក់ទំនងជាមួយអន្តរជាតិតាមសមុទ្រវិញម្ដង៕