ភ្នំពេញ៖ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២ គ្រឿង បានថតជាប់សត្វដ៏កម្រជាច្រើនប្រភេទ ដែលកំពុងរស់នៅក្នុងឧទ្យានុរក្សជាតិវិរៈជ័យ ខេត្តរតនគិរី នេះបើគិតចាប់តាំងពីខែមេសា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ ២០២០។
សត្វព្រៃកម្រជាច្រើនរួមមាន សត្វខ្ទីង ខ្លាពពក ខ្លាភ្ញីថ្មកែវ ប្រើស ឈ្លូស សត្វតេះឬកែះ សត្វសំពោច សត្វជ្រូកព្រៃ ខ្លាឃ្មុំ និងពពួកបក្សីកម្រដូចជាមាន់ទោពណ៌ប្រាក់ និងកេងកងជាដើម ត្រូវបានម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២គ្រឿងប្រមាញ់រូបបាន។ សត្វទាំងនេះ ត្រូវបានគេដាក់ចូលក្នុងបញ្ជីក្រហម ជាប្រភេទសត្វជិតវិនាសផុតពូជលើភពផែនដី។
ជាមួយគ្នានេះ មន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា វត្តមានសត្វព្រៃទាំងអស់នេះ គឺពោរពេញដោយក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ផលប្រយោជន៍ជីវចម្រុះរបស់ពិភពលោក ដោយសារតែប្រភេទសត្វមួយចំនួនដែជិតផុតពូជពីលើពិភពលោក ប៉ុន្តែមានវត្តមាននៅក្នុងព្រៃនៃប្រទេសកម្ពុជា៕ ដោយ៖ តារា