Nani បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Orlando City បានទម្លាយឱ្យដឹងថា រូបគេពិតជាខ្លាចលោក Alex Ferguson ខ្លាំងណាស់ ពេលទៅដល់ Manchester United ជាលើកដំបូង បន្ទាប់ចេញពី Sporting CP ក្នុងឆ្នាំ២០០៧។ អតីតខ្សែប្រយុទ្ធស្លាប United បានប្រាប់ UTD Podcast ថា ៖”ដំបូងខ្ញុំពិតជាខ្លាចគាត់ខ្លាំងណាស់។ ដូចឪពុកម្នាក់អ៊ីចឹង អ្នកដឹងអត់? បង្កើតកំហុស ឬធ្វើអ្វីខុសមួយ ពីព្រោះពេលខ្លះចង់ទាក់ទងជាមួយគាត់។ ខ្ញុំឃើញគាត់និយាយជាមួយកីឡាករផ្សេងទៀត ហើយខ្ញុំចង់ពាក់ព័ន្ធដែរ តែខ្ញុំគិតថាអ្វីដែលខ្ញុំនឹងនិយាយទៅកាន់គាត់។ ប៉ុន្តែខ្ញុំខ្លាចគាត់ រហូតខ្ញុំរៀនយល់ និងអាចបង្ហាញខ្លួនខ្ញុំទៅកាន់គាត់”។ នេះជារឿងមួយ ចំណែកកត្តាផ្សេងទៀតនោះគឺ កីឡាករព័រទុយហ្គាល់និយាយភាសាអង់គ្លេសមិនសូវបានល្អ ប៉ុន្តែដោយការព្យាយាមគេអាចនិយាយបានច្រើននិងលេងល្អ រហូតក្លាយជាកីឡាករឆ្នើមមួយរូបរបស់ក្រុមបិសាចក្រហម។
ខ្សែប្រយុទ្ធលេងឱ្យជម្រើសជាតិព័រទុយហ្គាល់តាំងពីឆ្នាំ២០០៦ បញ្ជាក់ថា ៖”អង់គ្លេសរបស់ខ្ញុំមិនល្អ ពេលនោះគឺអាក្រក់ជាងពេលនេះណាស់ ហើយពេលខ្ញុំអាចនិយាយជាមួយគាត់បានច្រើន គាត់ចាប់ផ្ដើមមករកខ្ញុំ និងផ្ដល់ការផ្ដោតអារម្មណ៍មកខ្ញុំច្រើន។ ចាប់ពីពេលនោះមក ខ្ញុំរៀនច្រើនអំពី Sir Alex Ferguson ហើយទំនាក់ទំនងចាប់ផ្ដើមល្អប្រសើរ”។ Nani ក៏បានសរសើរ Ferguson អតីតអ្នកចាត់ការ United ថាជាអ្នកចាត់ការល្អ ចេះគ្រប់គ្រងកីឡាករគ្រប់ជាន់ថ្នាក់ និងគ្រប់ជាតិសាសន៍។ កីឡាកររូបនេះលេងនៅ Old Trafford បាន១៤៧ប្រកួត រកបាន២៥គ្រាប់ ចាប់តាំងពីឆ្នាំ ២០០៧ ដល់ ២០១៥ មុនផ្ទេរទៅកាន់ក្លឹបចាស់ Sporting CP ក្នុងលក្ខខណ្ឌខ្ចីជើង រួចទៅលេងនៅក្លឹប Fenerbahçe, Valencia, Lazio (ខ្ចីជើង), Sporting CP និងចុងក្រោយលេងឱ្យ Orlando City ចាប់ពីឆ្នាំ២០១៩រហូតដល់បច្ចុប្បន្ន។
ចំណែក Ferguson វ័យ៧៨ឆ្នាំ បានកាន់តំណែងជាចាត់ការក្លឹប Manchester United ចាប់តាំងពីឆ្នាំ ១៩៨៦ រហូតដល់២០១៣ ហើយលោកត្រូវបានគេចាត់ទុកជាអ្នកចាត់ការជោគជ័យឈ្នះពានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ លោកបានចូលនិវត្តពីអ្នកចាត់ការបាល់ទាត់ ក្នុងរដូវកាល ២០១២-២០១៣៕