Shannon Briggs អតីតកីឡាករប្រដាល់ល្បីឈ្មោះអាមេរិក បានបង្ហើបថាលោកសឹងតែចុះកុងត្រាប្រកួតសប្បុរសធម៌ជាមួយ Mike Tyson ទៅហើយ ប៉ុន្តែត្រូវដកចិត្តវិញ ក្រោយពិចារណាល្អិតល្អន់។ Tyson គ្រោងនឹងត្រលប់ចូលសង្វៀនវិញ នៅវ័យជាង៥០ឆ្នាំនេះ ដើម្បីចូលរួមក្នុងការប្រកួតសប្បុរសធម៌មួយនាពេលខាងមុខ។ បច្ចុប្បន្ននេះ លោកកំពុងតែស្វែងរកដៃគូប្រកួត ហើយប្រភពជាច្រើនបានចុះផ្សាយថាអាចនឹងប៉ះជាមួយ Evander Holyfield ដែលជាដៃគូចាស់។
ដោយឡែកនៅពេលនេះ Shannon Briggs ក៏បាននិយាយថាលោកក៏ត្រូវបានគេទាក់ទងដើម្បីប្រកួតជាមួយ Tyson ផងដែរកាលពីពេលកន្លងទៅ។ ការប្រកួតសប្បុរសធម៌នោះ នឹងធ្វើឡើងដើម្បីស្វែងរកប្រាក់ជួយដល់អ្នកខ្វះខាតជាច្រើននៅលើលោកនេះ។ Briggs បានបន្ថែមថាលោកបានដកខ្លួនវិញ ក្រោយពីគិតពិចារណាល្អិតល្អន់មក។
ការដកខ្លួននេះ ក៏ព្រោះតែលោកដឹងថាអ្នកប្រដាល់ Iron Mike នៅតែមានកម្លាំងនិងរហ័សដដែល។ អ្វីដែលកាន់តែពិបាកទៀតនោះ គឺចិត្តគំនិតរបស់គេតែម្ដង ឱ្យតែបានវៃហើយគឺមិនដកដៃឡើយ។ ដូច្នេះ ឆ្អឹងជំងឺនឹងខ្ទេចមិនខាន បើប្រកួតមែននោះ៕