ជើងខ្លាំងវ័យក្មេងមកពីក្លឹបនាគរាជចតុមុខ កាន់ ម៉េងហុង ថាកីឡាករដែលខ្លួនស្រឡាញ់ ចូលចិត្ត និងតែងតែមើលការប្រកួតយកបទពិសោធតាមនោះគឺកីឡាករ កែវ រំចង់ និងស្ដេចប្រដាល់ថៃ ប៊ូខាវ។
កាន់ ម៉េងហុង បានឲ្យដឹងថា មូលហេតុដែលខ្លួនស្រឡាញ់ និងចូលចិត្តមើលការប្រកួតកន្លងទៅរបស់ កែវ រំចង់ នោះគឺពេញចិត្តស្នៀតទាត់ជើងក្រោមនេះតែម្ដង។ ចំណែកកីឡាករ ប៊ូខាវ របស់ថៃ វិញគឺចូលចិត្តស្នៀតទាត់ និងការប្រើកណ្ដាប់ដៃ។
ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ ២០១៩ ខាងលើនេះប្រាប់ទៀតថា សព្វថ្ងៃនេះខ្លួនបានព្យាយាមពង្រឹងសមត្ថភាពជាខ្លាំងទៅតាម Idol របស់ខ្លួនទាំងពីរខាងលើនេះ ដូចជាហាត់ទាត់ជើង ការប្រើកណ្ដាប់ដៃឲ្យមានប្រសិទ្ធភាព។ ម៉េងហុង ក៏ប្ដេជ្ញាខំប្រឹងប្រែងឲ្យល្បីឈ្មោះក្នុងវិស័យប្រដាល់នេះឲ្យគេស្គាល់ពីគុនខ្មែរបន្ថែមទៀត។
រំលឹកដែរថា កីឡាករវ័យក្មេង កាន់ ម៉េងហុង ជាសិស្សគុនមកពីក្លឹបនាគរាជចតុមុខ ប្រកួតចុងក្រោយឈ្នះសន្លប់លើកីឡាករ ហង្ស សុវណ្ណចាន់សុធី កាលពីថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ ២០២០ លើសង្វៀន TV5 ៕