Sir Alex Ferguson បានសម្រេចលក់ខែ្សការពារ Gerard Pique វិញទៅកាន់ក្រុមអ្នកមានបុណ្យ FC Barcelona ដោយសារតែទម្រង់លេងរបស់គេមិនសមលេងក្នុងលីគ Premeir League ជាពិសេសគឺក្រោយការលេងរបស់គេក្នុងការប្រកួតដែល Manchester United បរាជ័យទៅលើ Bolton, នេះបើតាមសម្ដីរបស់ Wayne Rooney បាននិយាយ។
កីឡាករសញ្ជាតិអេស្ប៉ាញនេះ បានចូលរួមជាមួយ Man Utd ពីឈុតយុវជនរបស់ Barcelona កាលពីឆ្នាំ២០០៤ និងលេងទល់នឹង Bolton នៅពេលដែលរូបគេមានវ័យត្រឹម២០ឆ្នាំប៉ុណ្ណោះ កាលពីខែវិច្ឆិកា ឆ្នាំ២០០៧។
Pique បានបង្កកំហុសដែលធើ្វឲ្យ Bolton អាចស៊ុតបញ្ចូលទី១គ្រាប់ប៉ុណ្ណោះ ដែលជាគ្រាប់បាល់ជ័យជម្នះទៅលើ Man Utd ធ្វើឲ្យ Sir Alex ក្ដៅស្លឹកត្រចៀកខ្លាំង។
នៅចុងរដូវកាល Sir Alex ក៏បានសម្រេចលក់ Pique ទៅកាន់ Barcelona វិញ ក្នុងតម្លៃត្រឹម៥លានផោន ក្រោយបង្ហាញខ្លួនបានត្រឹម២៣ប្រកួតឲ្យ United។
«Bolton គឺជាការប្រកួតដែលកំណត់អាជីពរបស់ Pique នៅ United » Rooney និយាយប្រាប់សារព័ត៌មាន The Sunday Times។
«គេនៅក្មេង ហើយត្រូវគេញាក់យ៉ាងងាយ ដូច្នេះ Fergie សម្រេចថា កាយសម្បាទាគេមិនអាចលេងនៅ Premier League បានទេ»៕
ប្រភព៖ Dailymail