វត្តព្រះជេតុពនវិមលមង្គលារាមរាជវរមហាវិហារ (วัดพระเชตุพนวิมลมังคลารามราชวรมหาวิหาร) ឬវត្តពោធិ៍ (โพธิ์) ជាវត្តដ៏សំខាន់មួយរបស់រាជអាណាចក្រថៃ ត្រូវបានចាត់ជាព្រះអារាមហ្លួងថ្នាក់ឯកប្រភេទរាជវរមហាវិហារ និងជាវត្តប្រចាំរជ្ជកាលទី១ ក្រុងរតនកោសិន្ទ្រ។
វត្តនេះត្រូវបានអង្គការយូណេស្កូចុះជាបេតិកភណ្ឌពិភពលោក ប្រចាំភូមិភាគអាស៊ីប៉ាស៊ីហ្វិក កាលពីខែមីនា ឆ្នាំ២០១៨។ ក្រៅពីវត្ថុមានតម្លៃច្រើនរាប់មិនអស់នៅក្នុងទីអារាមនេះ វត្តនេះក៏ជាទីប្រតិស្ឋានព្រះចេតិយ៍ព្រះមហាក្សត្រជាច្រើនព្រះអង្គ។
វត្តព្រះជេតុពនវិមលមង្គលារាមរាជវរមហាវិហារនេះ គឺជាទីប្រារព្ធបរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម ព្រហ្មបរិរក្ស ព្រះចៅក្រុងកម្ពុជាធិបតី មុនពេលដែលព្រះអង្គយាងត្រឡប់មកសោយរាជ្យនៅនគរកម្ពុជាជាផ្លូវការ។
បន្ទាប់ពីពិធីរាជាភិសេករួច ព្រះអង្គត្រូវបានព្រះមហាក្សត្រីថៃយាងចូលគាល់ ដើម្បីជម្រាបលា ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួរ ព្រមទាំងបានប្រទានព្រះបរមាភិធេយ្យជា ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម ព្រហ្មបរិរក្ស ព្រះចៅក្រុងកម្ពុជាធិបតី។
បន្ទាប់មករាជការស្យាមបានចាត់ទ័ពជើងទឹកបញ្ជូនព្រះអង្គមកក្រុងកំពត និងបន្តដំណើរមកក្រុងឧត្ដុង្គមានជ័យ និងក្រោយមកពិធីរាជាភិសេកជាព្រះមហាក្សត្រីកម្ពុជា យ៉ាងពេញលេញតាមបរមខត្តិយរាជប្រពៃណី ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ដោយមានតំណាងរាជការបារាំងសេស និងរាជការសៀមចូលរួមផងដែរ។
កម្ពុជាក្រោយសម័យអង្គរបានធ្លាក់ដុនដាបរហូតស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្យាមអស់ជាច្រើនឆ្នាំ។ កម្ពុជាបានក្លាយជាទីហែកហួររវាងប្រទេសអណ្ណាម និងសៀម។ ក្រោយពេលព្រះករុណា ព្រះហរិរក្សរាមាធិបតី ព្រះអង្គដួង ទ្រង់សុគតទៅ សៀមបានសម្រេចចិត្តគាំទ្រ ព្រះអង្គម្ចាស់រាជាវតី (ព្រះនាមព្រះ នរោត្ដម មុនរាជាភិសេក) ឲ្យឡើងគ្រងរាជ្យ៕