ឥណ្ឌូនេស៊ី នឹងជំរុញឲ្យបណ្ដាក្រុមហ៊ុនអ៊ិនធើរណេតធំៗ បង់ពន្ធលើតម្លៃបន្ថែម (VAT) ចំពោះការលក់ផលិតផលឌីជីថល និងសេវាកម្ម ចាប់ពីថ្ងៃទី១ ខែកក្កដា ហើយនេះជាផ្នែកមួយ នៃការខិតខំប្រឹងប្រែង ដើម្បីបង្កើននូវប្រាក់ចំណូល នៅក្នុងអំឡុងពេលរីករាលដាល នៃវីរុសកូរ៉ូណា។
បើយោងតាមមន្រ្ដីពន្ធដារ នៃប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ការរីករាលដាល នៃវីរុសកូរ៉ូណានេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី។ ដោយសារតែបញ្ហានេះ ទើបរដ្ឋាភិបាលជំរុញឲ្យបណ្ដាក្រុមហ៊ុនអ៊ិនធើរណេតធំៗ ត្រូវបង់ពន្ធលើតម្លៃបន្ថែម (VAT) សម្រាប់ការលក់ផលិតផលឌីជីថល និងសេវាកម្ម។ នេះក៏ជាវិធានការ សម្រាប់ការបង្កើនប្រាក់ចំណូល នៅក្នុងអំឡុងពេល នៃកូវីដ១៩នេះ។
បើយោងតាមការស្រាវជ្រាវរបស់ Google, Temasek Holding និង Brain & Company បានឲ្យដឹងថា សេដ្ឋកិច្ចពីអ៊ិនធើរណេតរបស់ឥណ្ឌូនេស៊ី មានកំណើនខ្ពស់ និងលឿនជាងគេ នៅក្នុងតំបន់អាស៊ាន ហើយគេរំពឹងថា នឹងកើនដល់១៣០ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៥។
រដ្ឋាភិបាលបានព្យាករថា ប្រាក់ចំណូលរបស់រដ្ឋ នឹងធ្លាក់ចុះប្រហែល១០ភាគរយ នៅក្នុងឆ្នាំនេះ ដោយសារតែឥទ្ធិពល នៃការផ្ទុះរីករាលដាលកូវីដ១៩។ រីឯតម្លៃទំនិញបានចុះថោក ហើយត្រូវបានគេព្យាករថា កំណើនសេដ្ឋកិច្ច នឹងធ្លាក់ចុះ២,៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ មានកំណើន រហូតដល់៥ភាគរយ។ ឥណ្ឌូនេស៊ីទស្សទាយថា ឱនភាពសារពើពន្ធ រហូតដល់៥,០៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ នេះជាឱនភាពមួយដ៏ធំបំផុត ក្នុងរយ:ពេល១ទសវត្សរ៍កន្លងមកនេះ៕ ប្រែសម្រួលដោយ Nuon