កាលពីថ្ងៃ ទី១៧ ខែឧសភា យន្តហោះចម្បាំងមួយគ្រឿង មកពីកងពល Snowbirds របស់កម្លាំងទាហានអាកាសកាណាដា បានជួបគ្រោះថ្នាក់ធ្លាក់ នៅទីក្រុង Kamloops ក្នុងរដ្ឋ British Columbia ។ អាកាសយានិកបានបាញ់ឆត្រយោងចេញទាន់ពេលវេលា ប៉ុន្តែក៏មានមនុស្សម្នាក់រងរបួសផងដែរ។
បើតាមការប្រកាសរបស់កម្លាំងទាហានអាកាសកាណាដា បានបញ្ជាក់ថា កងពលយន្តហោះសម្តែង Snowbirds បានជួបគ្រោះថ្នាក់ នៅទីក្រុង Kamloops ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតនោះឡើយ។ ចំណែកស្ថានភាពរបស់អាកាសយានិក ក៏មិនទាន់បញ្ជាក់ថា យ៉ាងណានោះដែរ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ តាមបណ្តាញសង្គម Twitter មន្ត្រីសុខាភិបាល ក្នុងតំបន់លោក Adrian Dix បានប្រកាសថា មានមនុស្សម្នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
នៅក្នុងឃ្លីបវីដេអូបង្ហាញឲ្យឃើញថា យន្តហោះជួបបញ្ហាពេលចាប់ផ្តើមហោះហើរ ហើយអាកាសយានិកបានបាញ់ឆត្រយោងចេញក្រៅទាន់ពេលវេលាមុនពេលយន្តហោះផ្ទុះឆេះ។
បណ្តាញទូរទស្សន៍ CFJC បានផ្សព្វផ្សាយព័ត៌មាន ស្តីពីផ្ទះមួយខ្នងត្រូវបានឆេះ ដោយសារតែយន្តហោះធ្លាក់ ។ នេះជាករណីទីពីរហើយដែលជួបគ្រោះថ្នាក់ពាក់ព័ន្ធក្រុមយន្តហោះចម្បាំង Snowbirds ។ កាលពី ខែតុលា ឆ្នាំ២០១៩ យន្តហោះមួយគ្រឿងរបស់ក្រុមនេះបានជួបគ្រោះថ្នាក់ ក្នុងតំបន់ដែលមិនមានពលរដ្ឋរស់នៅ៕ ប្រែសម្រួលដោយ៖MEO