នាវាដឹកប្រេងអ៊ីរ៉ង់យ៉ាងតិច៥គ្រឿង កាលពីមុននេះ បានធ្វើនាវាចរណ៍ តាមសមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់សមុទ្រអាត្លង់ទិក ហើយដែលគេជឿជាក់ថា ឆ្ពោះទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។ ប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ អាចនឹងជួយរដ្ឋាភិបាលទីក្រុងការ៉ាកាស ទទួលបានអត្ថប្រយោជន៍ច្រើន នៅអំឡុងពេលមានវិបត្តិប្រេង នៅក្នុងស្រុក ដោយសារផ្នែកណាមួយរងការដាក់ទណ្ឌកម្មពីអាមេរិក។
រដ្ឋាភិបាលអ៊ីរ៉ង់ បានកោះហៅឯកអគ្គរដ្ឋទូតស៊ី្វស ប្រចាំនៅប្រទេសនេះ ដែលជាអ្នកតំណាងឲ្យអត្ថប្រយោជន៍ នៃទីក្រុងវ៉ាស៊ីនតោន ទៅប្រឆាំងតវ៉ាចំពោះគម្រោងការដែលថា កម្លាំងជើងទឹកអាមេរិកមានផែនការស្ទាក់ចាប់នាវាដឹកប្រេងរបស់ខ្លួន ខណៈកំពុងនៅលើផ្លូវឆ្ពោះទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ។ ស្ថានភាពស្រដៀងគ្នានេះដែរ ត្រូវបានផ្សព្វផ្សាយ ដោយប្រភពព័ត៌មានរ៉យទ័រ ប៉ុន្តែគេមិនបានទទួលការបញ្ជាក់ផ្លូវការណាមួយទាំងពីសេតវិមាន និងមន្ទីរបញ្ចកោណនោះឡើយ។
លោក Seyed Abbas Araghchi អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៅក្នុងអំឡុងកោះហៅឯកអគ្គរដ្ឋទូតស៊ី្វសនោះ បានបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្ មរវាងវេណេហ្ស៊ុយអេឡា និងអ៊ីរ៉ង់គឺស្របទៅតាមច្បាប់ទម្លាប់សុទ្ធសាធ។ លោកបញ្ជាក់ថា ការប៉ុនប៉ុនរបស់អាមេរិក ដើម្បីសម្លុតគំរាមកំហែងលើការធ្វើពាណិជ្ជកម្មអន្តរជាតិ។ នេះ គឺជាការរំលោភបំពានដល់សិទ្ធិមនុស្សជាមូលដ្ឋាន និងជាទង្វើ នៃចោរសមុទ្រ។
លោក Javad Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានព្រមានប្រឆាំងអាមេរិក ក្នុងករណីដែលស្ទាក់ចាប់នាវាអ៊ីរ៉ង់ នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ។ លោក បានហៅផែនការស្ទាក់ចាប់នាវាអ៊ីរ៉ង់នោះ ជាទង្វើខុសច្បាប់, ការបង្កគ្រោះថ្នាក់ និងជាទង្វើបង្ករឿងហេតុ ដូចទៅនឹងសកម្មភាពរបស់ចោរសមុទ្រ ។
សេចក្តីថ្លែងការរបស់ក្រសួងការបរទេសអ៊ីរ៉ង់បញ្ជាក់ថា «Zarif បានរំលឹកថា រដ្ឋាភិបាលអាមេរិកនឹងទទួលខុសត្រូវ ចំពោះសកម្មភាពខុសច្បាប់ណាមួយ, អ៊ីរ៉ង់បានបញ្ជាក់អំពីសិទ្ធិចាំបាច់របស់ខ្លួន នៅក្នុងការការពារប្រឆាំងចំពោះការគំរាមកំហែងរបស់អាមេរិក» ។
នាវាដឹកប្រេងអ៊ីរ៉ង់ទៅកាន់វេណេហ្ស៊ុយអេឡា ដែលតាមប្រភពព័ត៌មានថា មានចំនួន៥គ្រឿង គឺនាវា Fortune, Petunia, Forest, Faxon និងនាវា Clavel ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេចូលទៅកាន់ផ្ទៃសមុទ្រអាត្លង់ទិក កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ។ ប្រភពព័ត៌មាន Al-Masdar News ផ្សាយថា នាវាទាំងនោះធ្វើនាវាចរណ៍ទៅកាន់វេណេហ្ស៊ុយអេឡា ហើយមិនបានលម្អិតព័ត៌មានជាងនេះទៀតនោះឡើយ ។ ក្រុមតាមដានការធ្វើនាវាចរណ៍នៅលើដែនសមុទ្របញ្ជាក់ថា ឃើញនាវាទាំងនោះឆ្ពោះទៅកាន់ដែនទឹកប្រទេសអាមេរិក-ឡាទីន ៕ ប្រែសម្រួលដោយ៖ thach yat