កាលពីថ្ងៃអាទិត្យនេះរដ្ឋាភិបាលហ្វីលីពីនបានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូរ៉ូណា បន្ទាប់ពីមានមនុស្សជាច្រើនបានចូលទៅក្នុងផ្សារទំនើបនិងមិនអើពើអំពីសារសុវត្ថិភាពក្នុងអំឡុងពេលដែលអាជ្ញាធរចាប់ផ្តើមបន្ធូរបន្ថយការចាក់សោរប្រទេសដែលមានរយៈពេលពីរខែកន្លងមកនេះ។
រូបភាពដែលបង្ហាញអំពីអ្នកដើរផ្សារទំនើបមួយចំនួនក្នុងទីក្រុងម៉ានីលដែលបានរំលោភលើគោលការណ៍រក្សាគម្លាតត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ ហើយធ្វើឱ្យមានការរិះគន់និងការដាស់តឿនពីសាធារណជនយ៉ាងខ្លាំងក្នុងការជំរុញឱ្យរដ្ឋាភិបាលចេញសេចក្តីព្រមានអំពីសុខភាព។ អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បានមានប្រសាសន៍ថា«យើងបានណែនាំដល់សាធារណជនសូមកុំឲ្យមានការប្រឆាំងនឹងគោលការណ៍រក្សាគម្លាតដែលអាជ្ញាធរបានចែងមក បន្ទាប់ពីអាជ្ញាធរបានរកឃើញថាមានប្រជាជនមួយចំនួនមិនយកចិត្តទុកដាក់អនុវត្តគោលការណ៍របស់ប្រទេស»។ រដ្ឋាភិបាលបានព្រមានថាផ្សារទំនើបនានានឹងត្រូវបិទទ្វារម្តងទៀតប្រសិនបើពួកគេមិនអនុវត្តវិធានការឃ្លាំមើលការរក្សាចម្ងាយរវាងភ្ញៀវទាំងឡាយនោះទេ។ ហ្វីលីពីនបានរាយការណ៍ថាមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួន ១២៥១៣ នាក់ និងមានអ្នកស្លាប់ចំនួន ៨២៤ នាក់។
រូបតំណាង
លោក Roque បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងត្រូវតែយល់ថាយើងបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងជាបណ្តើរៗ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានភាពរស់រវើកឡើងវិញ ប៉ុន្តែមិនមែនដោយសារតែយើងមានសុវត្ថិភាពនោះទេ»។ យើងត្រូវតែបន្តការប្រុងប្រយ័ត្នចំពោះហានិភ័យនៃវីរុសដ៏កាចសាហាវនេះបន្តទៀត។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post