ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានបញ្ជាក់ថា នឹងចាកចេញពីក្លិប AC Milan នៅបំណាច់រដូវកាលនេះ បន្ទាប់ពីកុងត្រាត្រូវអស់សុពលភាពនៅខែមិថុនា ខាងមុខ។ នេះបើតាមការឱ្យដឹងរបស់ លោក Sinisa Mihajlovic គ្រូបង្វឹកបង្គោលក្លិបបាល់ទាត់ Bologna។
លោក Mihajlovic ជាអតីតគ្រូបង្វឹកបង្គោល ក្លិប Milan នៅឆ្នាំ២០១៦ លោកធ្លាប់ដឹកនាំក្លិបបាល់ទាត់មួយនេះបានត្រឹមតែមួយរដូវកាលប៉ុណ្ណោះ មុនផ្លាស់ទៅដឹកនាំក្លិបបាល់ទាត់ផ្សេងទៀត និងបច្ចុប្បន្នកំពុងដឹកនាំ ក្លិប Bologna នៅក្នុងប្រទេស អ៊ីតាលី។
ខ្សែប្រយុទ្ធ Ibrahimovic ដែលមានសញ្ជាតិស៊ុយអែត បានវិលត្រឡប់មកកាន់ប្រទេស អ៊ីតាលី សាជាថ្មី បន្ទាប់ពី លោក Stefano Pioli គ្រូបង្វឹកបង្គោលក្លិប Milan បានស្នើឱ្យរូបគេផ្លាស់មកកាន់ទឹកដី San Siro ម្តងទៀត ក្រោយចាកចេញអស់រយៈពេលជាង ៧ ឆ្នាំកន្លងទៅ។
លោក Mihajlovic មានបំណងចង់បាន Ibrahimovic មកចូលរួមជាមួយក្លិបរបស់ខ្លួននៅរដូវក្តៅនេះ ក្រោយលោកដឹងថារូបគេមិនចង់បន្តកុងត្រាថ្មីនៅឯទឹកដី San Siro ទៀតទេ ហើយអ្នកចាត់ការទូទៅក្លិប Bologna រូបនេះ ក៏មានការព្រួយបារម្ភខ្លាចខ្សែប្រយុទ្ធរូបនេះវិលត្រឡប់ទៅលេងឱ្យក្លិបចាស់ដំបូង Malmo របស់គេវិញផងដែរនៅឯប្រទេស ស៊ុយអែត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore