Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រឿងពិត៖ សេ្នហាដែលខ្ញុំមិនអាចបំភ្លេចបាន

មុនពេលមាន
ដុះស្លាប គឺមានYoung Abortion ដែលជាគម្រោងមួយនិយាយពីការមានផ្ទៃពោះចៃដន្យ និងការរំលូតកូននៅក្នុងប្រទេសកម្ពុជា។ ​ដូច្នេះថ្ងៃនេះ
ដុះស្លាប ចង់បង្ហាញពីមាតិការមួយផ្នែកដែលក្រុមបានផលិតឡើងសម្រាប់គម្រោង Young Abortion។

គំនូរសាច់រឿងនេះនឹងបង្ហាញពីជីវិតស្នេហារបស់នារីម្នាក់ ដែលបានបន្សល់នូវសា្លកស្នាម និងការចងចាំមួយដល់រូបនាង។

សេចក្តីស្នេហារបស់យុវវ័យ​បាននាំនាងឲ្យស្គាល់នូវរសជាតិជីវិតជាច្រើន។ សាច់រឿងនេះផ្អែកទៅលើរឿងពិតដែលបានកើតឡើងលើស្ត្រីវ័យក្មេងម្នាក់។ ដើម្បីរក្សាអត្តសញ្ញាណពិតរបស់ខ្លួន ស្ត្រីរូបនេះសូមបញ្ចេញឈ្មោះថា គុន

១.  អ្វីៗគ្រប់យ៉ាងចាប់ផ្តើមកាលពី៤ឆ្នាំមុន នៅពេលដែលគុនផ្តើមមានសេ្នហាផ្អែមល្អែមមួយ ក្នុងពេលជានិស្សិតមហាវិទ្យាល័យ។ ភ្លើងនៃក្តីស្រលាញ់បាននាំឲ្យ គុននិងបុរសជាទីស្រលាញ់របស់នាង សម្រេចចិត្តឈានដល់ការរួមភេទជាមួយគ្នា ទាំងដែលមិនបានប្រើប្រាស់ស្រោមអនាម័យ។ យ៉ាងណាមិញ គុនបានប្រើប្រាស់ថ្នាំពន្យារកំណើតបន្ទាន់ ឬត្រូវបានស្គាល់ថា ថ្នាំ៧២ម៉ោង បន្ទាប់ពីរួមភេទរួច។​ គុន និងមិត្តប្រុសទុកចិត្ត និងគិតថា ពួកគេមានសុវត្ថិភាពព្រមទាំងអាចជៀសផុតពីការមានផ្ទៃពោះបាន។

២. គុនចាប់ផ្តើមបាត់រដូវរយៈពេលមួយខែ និងមានការសង្ស័យថាខ្លួនកំពុងមានផ្ទៃពោះ ដូច្នេះនាងក៏បានធ្វើតេស្តផ្ទៃពោះជាមួយនឹងប្រដាប់ពិនិត្យទឹកនោម។ នៅពេលនោះ លទ្ធផលនៅលើប្រដាប់ពិនិត្យបានបង្ហាញថាអវិជ្ជមាន មានន័យថាគ្មានផ្ទៃពោះ។ ប៉ុន្តែ កន្លងផុតរយៈពេល១ខែទៀត គុននៅតែមិនមានរដូវ និងមានអាការៈមិនស្រណុកក្នុងខ្លួន នាងក៏សម្រេចចិត្តពិនិត្យម្តងទៀត ពេលនោះលទ្ធផលបានបញ្ជាក់ថាវិជ្ជមាន។ គុនបានទៅពិនិត្យអេកូនៅគ្លីនិកឯកជនមួយកន្លែងតែម្នាក់ឯង ដើម្បីដឹងលទ្ធផលច្បាស់លាស់ចំពោះការមានផ្ទៃពោះនេះ។ គុនពិតជាមានផ្ទៃពោះ២ខែជាងប្រាកដមែន។

៣.​ បន្ទាប់ពីដឹងថាខ្លួនមានផ្ទៃពោះ គុនបាននិយាយប្រាប់មិត្តប្រុសរបស់ខ្លួន។ ពិភាក្សាគ្នាតែមួយយប់ គុនបានសម្រេចចិត្តរំលូតកូនក្នុងផ្ទៃ ទោះបីជានាងមានអារម្មណ៍អាណិតកូនក្នុងនាមជាម្តាយក្តី។ គុនចង់ឱបកូនក្នុងផ្ទៃ ក្នុងទ្រូង ក៏ប៉ុន្តែដោយសារនាង និងមិត្តប្រុស​នៅក្នុងវ័យកំពុងសិក្សា មិត្តប្រុសរបស់នាង មិនអាចទទួលខុសត្រូវធ្វើជាឪពុកវ័យក្មេងបានឡើយ។

៤. នៅព្រឹកថ្ងៃបន្ទាប់ ពួកគេទាំងពីរបាននាំគ្នាធ្វើដំណើរទៅកាន់គ្លីនិកឯកជនមួយនៅឯម្តុំផ្សារកណ្តាល។ គុនជ្រើសរើសវិធីរំលូតតាមការវះកាត់ និងត្រូវចំណាយប្រាក់ជាង ៣០០ដុល្លារអាមេរិក។ គុននៅចាំថា នៅពេលអង្គុយរង់ចាំការវះកាត់ នាងមានអារម្មណ៍ច្របូកច្របល់មិនអាចបកស្រាយបាន ទាំងភ័យ ទាំងខ្លាច និងបន្ទោសខ្លួនឯង។

៥. គុនមានតែសម្តីមួយឃ្លាថា “គ្មានអ្នកណាចង់សម្លាប់កូនខ្លួនឯងទេ តែធ្វើម៉េចខ្ញុំគ្មានជម្រើសទេ”។

៦. សេ្នហារបស់គុន មិនបានបន្តដោយក្តីសុខឡើយ។ បន្ទាប់ពីការរំលូតកូន ទំនាក់ទំនងរបស់នាង និងគូសេ្នហ៍ កាន់តែមានភាពរង្គោះរង្គើ។ ចុងក្រោយ មិត្តប្រុសនាងបានសុំចែកផ្លូវ និងដើរចេញពីជីវិតរបស់នាង។

៧. គុនមានភាពឈឺចាប់ជាខ្លាំង ក្រោយពីត្រូវប្រឈមនឹងរឿងរ៉ាវផ្ទួនៗគ្នា រហូតដល់នាងមានជំងឺបាក់ទឹកចិត្ត។ នាងនៅតែនឹកឃើញ និង​ចងចាំជានិច្ច នូវពេលវេលាដែលនាងត្រូវប្រឈមមុខនឹងរឿងគ្រប់យ៉ាងតែម្នាក់ឯង​ មិនមានអ្នកណាដឹង មិនមានអ្នកលួងលោមនាងឡើយ នាងបានត្រឹមសម្រក់ទឹកភ្នែកតែម្នាក់ឯង។

៨. ជាក់ស្តែង គុនមិនបានប្រាប់រឿងដែលខ្លួនបានរំលូតកូនឲ្យឪពុកម្តាយរបស់នាងបានដឹងនោះទេ។ ប៉ុន្តែមួយរយៈក្រោយពីការចែកផ្លូវជាមួយមិត្តប្រុស គុនបានត្រលប់ទៅស្រុកកំណើតរបស់ខ្លួនក្នុងក្រុងព្រះសីហនុ ជួបជុំជាមួយគ្រួសារ។ នាងបានសម្ងំយំនៅក្នុងបន្ទប់ម្នាក់ឯង រហូតម្តាយនាងបានឃើញនិងសួរនាំ។ គុនយំបណ្តើរ សារភាពប្រាប់ម្តាយបណ្តើរ ទាំងភ័យខ្លាចម្តាយរបស់ខ្លួនមិនអាចទទួលយករូបនាងបាន។

៩.​ ម្តាយរបស់គុន មិនបានស្តីបន្ទោសនាងឡើយ បែរជាឱបកូនស្រីក្នុងដៃ ព្រមទាំងពោលថា “នេះជាកម្មយើង រឿងកន្លងផុតឲ្យផុតទៅចុះ”។

១០. ដោយទទួលបានការលើកទឹកចិត្តពីម្តាយបែបនេះ គុនចាប់ផ្តើមមានទឹកចិត្តប្រសើរឡើង ទឹកភ្នែកដែលហូរមិនឈប់ ត្រូវបានជូតសម្អាតពីផ្ទៃមុខរបស់នាង។ បបូរមាត់ធ្លាប់តែទ្រហូរយំ ថ្ងួញថ្ងូរ ប្រែជាមានស្នាមញញឹមបន្តិចម្តងៗ។

១១. រឿងរ៉ាវមួយនេះ ចំពោះគុន ជាការចងចាំអាក្រក់ដ៏ឈឺចាប់មួយ វាក៏ជាមេរៀនជីវិតមួយសម្រាប់នាងផងដែរ។ គុនបន្តជីវិតជាយុវវ័យ បញ្ចប់ការសិក្សា មានមុខរបរ មានមិត្តភក្តិ មានជីវិតសប្បាយរីករាយ។ គុនក៏កាន់តែយល់ច្បាស់ពីសុខភាពផ្លូវភេទ ការបន្តពូជ និងការការពារខ្លួន។ នាងតែងទៅពិនិត្យសុខភាពផ្លូវភេទជាប្រចាំ ព្រមទាំងថែទាំសុខភាពរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្ន។

from: https://tnaot.com/km/m/detail/article/9222814