កាលពីថ្ងៃ ទី១៥ ខែឧសភា ចិនបានអំពាវនាវដល់ប្រទេសជាសមាជិកត្រូវបំពេញភារកិច្ចរបស់ខ្លួន ចំពោះអង្គការសហប្រជាជាតិ។ ជាមួយគ្នានោះ ចិនក៏បានស្នើដល់អាមេរិក ឲ្យសងបំណុលដល់អង្គការសហប្រជាជាតិផងដែរ។ បច្ចុប្បន្នអាមេរិកជំពាក់អង្គការសហប្រជាជាតិ ដល់ទៅជាង២ពាន់លានដុល្លារ។ ជាមួយគ្នានេះដែរ ចិនបានចោទប្រកាន់ទីក្រុងវ៉ាសីនតោនថាកំពុងធ្វើឲ្យសេដ្ឋកិច្ចនៅលើពិភពលោកទន់ខ្សោយ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ គិតដល់ថ្ងៃទី១៥ខែឧសភា បណ្តាប្រទេសដែលមិនទាន់បង់ប្រាក់ដល់អង្គការសហប្រជាជាតិ មានដល់ទៅជិត ៤ពាន់លានដុល្លារ ក្នុងនោះ ប្រាក់ សម្រាប់មូលនិធិប្រើប្រាស់ប្រចាំ របស់អង្គការសហប្រជាជាតិ នៅខ្វះ១,៦៣ពាន់លានដុល្លារ និងប្រាក់សម្រាប់រក្សាសន្តិភាព២,១៤ពាន់លានដុល្លារ។
ភាគីចិនបានបញ្ជាក់ថា អាមេរិក ជំពាក់ច្រើនជាងគេទៅលើមូលនិធិទាំងពីរខាងលើ គឺ ១,១ពាន់លានដុល្លារ និង ១,៣ពាន់លានដុល្លារ។
អាមេរិក ជាប្រទេស ដែលដែលផ្តល់ប្រាក់ច្រើនជាងគេដល់អង្គការសហប្រជាជាតិ ស្មើនឹង២២ភាគរយប្រាក់ចំណាយសម្រាប់អង្គការកំពូលមួយនេះ។ ប្រាក់ដំណើរការអង្គការសហប្រជាជាតិ ប្រមាណ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ និងប្រាក់សម្រាប់រក្សាសន្តិភាពលើពិភពលោក ប្រមាណ៦ពាន់លានដុល្លារក្នុងមួយឆ្នាំ។
គិតដល់ថ្ងៃ ទី១៥ ខែឧសភា មានប្រទេសចំនួន ៥០ក្នុងចំណោម ប្រទេស១៩៣ ជាសមាជិករបស់អង្គការសហប្រជាជាតិបានបំពេញភារកិច្ចរួចរាល់ គឺបង់ប្រាក់ដល់អង្គការនះ។ ចិនជាប្រទេស បង់ប្រាក់ច្រើនលំដាប់ទីពីរបន្ទាប់ពីអាមេរិក គឺមាន១២ ភាគរយ ប្រាក់ដំណើរការអង្គការនេះនិង១៥ភាគរយប្រាក់សម្រាប់រក្សាសន្តិភាព ៕ ប្រែសម្រួលដោយ៖ MEO