វិបត្តិកូវីដ១៩នៅកម្ពុជា បានធ្វើឱ្យមនុស្សច្រើនជាង១សែននាក់ ដែលទទួលផលពីវិស័យឧស្សាហកម្មទេសចរណ៍ ត្រូវទទួលរងផល ប៉ះពាល់ដោយផ្ទាល់ និងប្រយោល។
ក្នុងចំណោមអ្នករងផលប៉ះពាល់ជាង១សែននាក់នេះ មានអ្នកបំរើការងារប្រមាណជិត៥ម៉ឺននាក់ ត្រូវបានបាត់បង់ការងារ និងច្រើនជាង៦ម៉ឺននាក់ទៀត កំពុងប្រឈមអត់ការងារធ្វើ។
បើតាមអ្នកអង្កេតពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា លោកយ៉ន សុភារិទ្ធិ ស្ថាបនិក Bizkhmer Media បានប្រាប់ TNAOT APP ថា វិបត្តិកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ មកលើវិស័យឧស្សាហកម្មទេសចរណ៍មុនគេ បើធៀបទៅនិងវិស័យសំខាន់ៗជាច្រើនទៀត ដែលមាន៖ វិស័យអចលទ្រព្យ វាយនភណ្ឌ និងកសិកម្មជាដើម។
លោកបញ្ជាក់ថា៖«កូវីដធ្វើឱ្យវិស័យទេសចរណ៍រងផលប៉ះពាល់ខ្លាំងជាងគេ ព្រោះធ្វើឱ្យខាតបង់ចំណូលជាតិ ប្រហែលជាង៥ពាន់ លានដុល្លារ ដែលទទួលបានពីវិស័យទេសចរណ៍នេះ។
បច្ចុប្បន្ននេះ ការរាគត្បាតជំងឺកូវីដ១៩ ទូទាំងសកលលោក បានធ្វើឱ្យមនុស្ស មានគម្លាតឆ្ងាយពីសង្គម ដោយម្នាក់ៗនៅដាច់ដោយឡែកពីគ្នា ព្រោះខ្លាចមិនហ៊ានធ្វើដំណើរចេញក្រៅផ្ទះ។
បើតាមលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ឱ្យដឹងថា ដំណើរនៃ វិស័យទេសចរណ៍ គឺអាស្រ័យលើការចេញដើរ និងការដឹកជញ្ជូន ដែលនេះមានន័យថា បើមនុស្សមិនហ៊ានចេញដើរ ប្រទេសកំពុងតែជួបអន្តរាយធ្ងន់ធ្ងរ។
លោកស្រីបញ្ជាក់ថា៖«អ្នករងផលប៉ះពាល់ដោយផ្ទាល់ មានការីទេសចរណ៍ មគ្គុទេសទេសចរណ៍ បដិសណ្ឋាកិច្ច សណ្ឋាគារ រម្យនីយដ្ឋាន និងសហគមន៍ទេសចរណ៍ ។ រីឯអ្នករងផលប៉ះពាល់ដោយប្រយោល មានអ្នកផលិតផលិតផលក្នុងស្រុក អ្នកលក់ដូរតាមទីផ្សារ និងអ្នកផលិតម្ហូបអាហារ…ជាដើម»។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ អាជីវកម្ម ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ហើយផ្អាកដំណើរការ និងបិទបញ្ចប់អាជីវកម្មទាំង ស្រុងនៅទូទាំងប្រទេស មានចំនួន ២៨៦៥ទីតាំង ក្នុងចំណោមអាជីវកម្មសរុបចំនួន៩៦៨៩ រួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេសចរណ៍…។ល។
ដោយឡែកភោជនីយដ្ឋាន ដែលបានបិទទ្វារនៅទូទាំងប្រទេសមានចំនួន៣៧១ទីតំាង ក្នុងចំណោមភោជនីយដ្ឋានសរុបចំនួន៣៤១៥ទីតាំង ដែលក្នុងនោះសុទ្ធតែជាប្រភេទភោជនីយដ្ឋានធំៗ។
ជុំវិញរឿងនេះ លោកស្រី ហាក់ លីណា ប្រធានសមាគមភោជនីដ្ឋាននៅកម្ពុជាបានឱ្យដឹងថា ភោជនីដ្ឋានប្រមាណ៤៤២០កន្លែងនៅក្នុងប្រទេសកម្ពុជា មានប្រហែល៧០% នៅភ្នំពេញនិងសៀមរាប អាចនឹងត្រូវផ្អាកអាជីវកម្មបណ្តោះអាសន្ន ឬត្រូវបិទទ្វារទាំងស្រុង បើវិស័យទេសចរណ៍មិនដំណើរល្អឡើងវិញ។
លោកស្រីបន្តថា នៅកម្ពុជាគេបែងចែកភោជនីយដ្ឋានមាន៣ប្រភេទ គឺប្រភេទហាងFamily’s runRestaurants ទី២ Fast Food និងទី៣ប្រភេទភោជនីយដ្ឋានដែលប្រឈមការបិទខ្លាំងជាងគេ Full Service Restaurants។
ឆ្លើយតបជាវិធានការក្នុងរឿងនេះ ដើម្បីជួយដល់សមាជិកក្រុម អ្នកស្រីបានជួយជំរុញលើកទឹកចិត្តដល់សមាជិក និងដាក់ពាក្យស្នើសុំឱ្យដល់ក្រសួងការងារ ជួយពន្យាកុងត្រា និងស្នើសុំប្រាក់បៀវត្យ សម្រាប់ភោជនីយដ្ឋានដែលគាត់បានបិទ និងការសម្រាលពន្ធផ្សេងៗពីរាជដ្ឋាភិបាលផង។
អ្នកស្រីបញ្ជាក់ថា៖«យើងមានក្តីសង្ឈឹមឡើងវិញលើវិស័យទេសចរណ៍ គឺការចាប់ផ្តើមបើកអាជីវកម្ម ជាមួយនឹងភ្ញៀវទេសចរណ៍ក្នុងស្រុក ពិសេសភ្ញៀវជាជនជាតិខ្មែរតែម្តង»។
ដោយឡែក ក្រុមអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺគ្មានរំពឹងអ្វី ក្រៅពីការវិលត្រឡប់ ទៅស្រុកកំណើតធ្វើស្រែ ដើម្បីបង្កើនស្បៀងទុកបរិភោគ ក្នុងអំឡុងពេល និងក្រោយចប់កូវីដ១៩។
លោកហ៊ាង វិទ្យា ប្រធានសមាគមអាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព បានឱ្យដឹងថា ត្រូវបើរយៈពេលពីរទៅបីឆ្នាំទៀត ទើបស្ថានភាពប្រទេសកម្ពុជា អាចនឹងប្រសើរឡើងវិញ ដូច្នេះសមាជិកដែលមានដីធ្លី គួរត្រឡប់ទៅធ្វើស្រែវិញ។
លោកបញ្ជាក់ថា៖«ជាវិធានការយើងមិនអាចធ្វើអ្វីបាន ក្រៅពីជម្រុញឱ្យពួកគាត់ចេះធ្វើអនាម័យ និងស្វែងរកជំនួយឧបត្ថម្ភម៉ាស់ ទឹកលាងដៃ សម្រាប់ចែកជូនសមាជិក ដោយមិនគិតថ្លៃប៉ុណ្ណោះ»។
ជាក់ស្តែងវិស័យទេសចរណ៍ប្រទេសកម្ពុជា គឺរំពឹងខ្លាំងទៅលើភ្ញៀវទេសចរណ៍ចិន។ ព្រោះកន្លងមកក្រសួងទេសចរណ៍បានរាយការណ៍ថា ចិនបានជាប់ចំណាត់ថ្នាក់លេខ១ នៃការធ្វើដំណើរចូលមកកម្សាន្តលើទឹកដីកម្ពុជា បន្ទាប់ពីជនជាតិវៀតណាម ថៃ ជប៉ុន អាមេរិក បារាំង អូស្ត្រាលី និងបរទុយហ្គា…ជាដើមនេះ។
ក្រោយពេលដែលរដ្ឋាភិបាល ប្រកាសផ្អាកបិទជើងហោះហើរបណ្តោះអាសន្ន មិនអនុញ្ញាតិឱ្យមានអ្នកដំណើរឆ្លងកាត់ប្រទេសកម្ពុជា វិស័យទេសចរណ៍ត្រូវបានធ្លាក់ចុះ ក្នុងនោះអគ្គមគ្គុទេ្ទសក៍ភាសាចិន នៅកម្ពុជាបាន រងផលប៉ះពាល់ធ្ងន់ធ្ងរ។
បើតាមលោកទៀ គីឡេង ប្រធានសមាគមមគ្គុទេ្ទសក៏ភាសាចិននៅកម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះនូវភ្ញៀវទេសចរណ៍ចិន បានធ្វើឱ្យមគ្គុទេ្ទសក៏ភាសាចិន ប្រចាំខេត្តសៀមរាប១១០០នាក់ បាត់បង់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។
លោកបន្តថា ពួកគេកំពុងជួបការលំបាក ដោយសារតែខាងធនាគារ អត់មានការយោគយល់ ឬអនុគ្រោះលើការបង់ប្រាក់រំលោះផ្នែកអលនទ្រព្យឡើយ។
លោកបញ្ជាក់ថា៖«ដោយគ្មានចំណូល ពីខាងវិស័យទេសចរណ៍ ពួកគេបានធ្វើការផ្លាស់ប្តូរទីតាំង ដើម្បីស្វែងរកការងារ នៅកន្លែងផ្សេងៗ រីឯមគ្គទេសក៍មួយចំនួនធំ នៅរង់ចាំឱ្យស្ថានភាពប្រសើរឡើងវិញ»។
បើទោះបីជាស្ថានភាព វិបត្តិកូវីដ១៩ អាចនឹងចាកឆ្ងាយពីប្រទេសកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្តែគ្រប់អ្នកជំនាញផ្នែកខាងលើនេះ ហាក់មិនមានក្តីសង្ឈឹម ក្នុងការចាប់យកភ្ញៀវបរទេសឡើយ។
អ្នកជំនាញផ្នែកអាជីវកម្មភាគច្រើន តែងមានសុទ្ទិដ្ឋិនិយមថា ការចាប់ផ្តើមបើកអាជីវកម្ម ជាមួយនិងភ្ញៀវទេសចរណ៍ក្រៅស្រុក គឺអាចនឹងដំណើរទៅបាន ប៉ុន្តែមិនមែនក្រោយចប់កូវីដភ្លាមៗនោះទេ គឺត្រូវប្រើរយៈពេលយូរ ថែមទៀត ហើយអ្នកខ្លះក៏មិនដឹងថា វិបត្តិកូវីដ១៩នេះ អាចនិងបញ្ចប់នៅពេលដែរ។
ជាមួយផងដែរ ដើម្បីរួចចំណែកធ្វើឱ្យវិស័យទេសចរណ៍រស់ឡើងវិញ អ្នកជំនាញបានស្នើឱ្យរាជរដ្ឋាភិបាល រឹតបណ្តឹងការធ្វើអនាម័យតាមភោជនីយដ្ឋាន និងបង្កើតឱ្យមានរម្យនីយដ្ឋានទេសចរណ៍បន្ថែមទៀត ដើម្បីឱ្យភ្ញៀវទេសចរណ៍ក្នុងស្រុក មានការចាប់អារម្មណ៍ និងគ្រោងមកលេងកម្សាន្ត៕ ដោយ៖ ឃួនលក្ខិណា