Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិកបន្ទោស​លើក្រុមរដ្ឋអិស្លាមវាយប្រហារមន្ទីរពេទ្យ​ទីក្រុងកាប៊ុល

សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ បានបន្ទោស​ក្រុមឧទ្ទាម​រដ្ឋអិស្លាម​ មិនមែនជាក្រុមតាលីបង់ទេ ជាអ្នក​វាយប្រហារ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ទីក្រុង​កាប៊ុល អាហ្វហ្គានីស្ថាន​សប្តាហ៍​នេះ សម្លាប់​កុមារទើបនឹងកើត​២នាក់ ។ អាមេរិក​ក៏បានអំពាវនាវជាថ្មី​ឲ្យអាហ្វហ្គានីស្ថានជម្នះឧបសគ្គ និងជំរុញ​សន្តិភាព​ឲ្យបានជាមួយ​ក្រុមជីវពល​​តាលីបង់ ។ 

ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថា ការអំពាវនាវ​របស់អាមេរិក​អាចធ្វើ​ឲ្យមានទម្ងន់គ្រប់គ្រាន់ជំរុញដល់កិច្ចខិតខំដើម្បីសន្តិភាព​បានដែរឬទេ ខណៈដែល​ការសម្រេច​របស់រដ្ឋាភិបាលទីក្រុងកាប៊ុល​ផ្ទុយពីនេះ គឺបន្តប្រតិបត្តិការវាយប្រហារ​ប្រឆាំងទៅលើក្រុមតាលីបង់ ។ 

ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani កាលពីថ្ងៃទី១២ ខែឧសភា​ បានបញ្ជា​ឲ្យផ្លាស់ប្តូរ​ទៅជា​ «របៀបវាយប្រហារ»​ ប្រឆាំង​ទៅលើ​ក្រុមតាលីបង់ ក្រោយ​ការវាយប្រហារ​នៅមន្ទីរពេទ្យ ហើយនិងការបំផ្ទុះគ្រាប់បែក​អត្តឃាត​នៅក្នុងខេត្ត Nangarhar សម្លាប់មនុស្សជាច្រើននាក់ ។ 

តំណាងពិសេស​របស់អាមេរិក Zalmay Khalilzad បានបន្ទោស​ទៅលើ​ក្រុម​រដ្ឋអិស្លាម​ថា ជាអ្នកវាយប្រហារ​ទាំងពីរ​កន្លែងខាងលើនេះ​ ។ តាមរយៈបណ្តាញ Twitter លោកបានថ្លែងថា វាជាទង្វើរបស់ក្រុម​ដែលប្រឆាំងចំពោះកិច្ចព្រមព្រៀងសន្តិភាពតាលីបង់ ហើយ​ពួកនោះ​ចង់​ធ្វើឲ្យមានសង្គ្រាម​តាមបែប​អ៊ីរ៉ាក់​នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ។ 

លោក Khalilzad បន្ថែមថា ជាជាងការធ្លាក់ទៅក្នុង​អន្ទាក់របស់ ISIS ដោយការពន្យារពេលសន្តិភាព ឬបង្កើតឲ្យមានឧបសគ្គនោះ, អាហ្វហ្គានីស្ថាន​ត្រូវតែស្ទុះស្ទារ​ចាប់យកឱកាសសន្តិភាព​ជាប្រវត្តិសាស្ត្រនោះឲ្យបាន ។ «គ្មានការសម្លាប់ទៀតទេ ។ អាហ្វហ្គានីស្ថាន និងពិភពលោក សមតែទទួលបាននូវភាពរីកចម្រើន​ជឿនលឿន»។

ក្រុមស្ម័គ្រស្មោះ​ជាមួយក្រុមរដ្ឋអិស្លាម​IS បានប្រកាស​ទទួលស្គាល់​ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត​នៅក្នុងខេត្ត Nangarhar ។ នេះបើតាមក្រុមចារកម្ម SITE ។ ចំណែក​ការវាយប្រហារនៅមន្ទីរពេទ្យ គ្មានក្រុមណាមួយប្រកាសទទួលស្គាល់ទេ។

ក្រុមតាលីបង់បានច្រានចោល​ការពាក់ព័ន្ធ​ណាមួយ​ទៅនឹងការវាយប្រហារនេះ ។ ប៉ុន្តែរដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បានចោទប្រកាន់​ក្រុមនេះថា មានទំនាក់ទំនងជាមួយក្រុមឧទ្ទាមផ្សេងទៀត ដែលអាច​ពាក់ព័ន្ធការវាយប្រហារទាំងនេះ ។ 

ការវាយប្រហារនេះ គឺជាការ​ធ្វើឲ្យគាំងដំណើរ​គម្រោងសន្តិភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីនាំយកសន្តិភាព​បញ្ចប់សង្គ្រាមរយៈពេលវែង​របស់អាមេរិក​នៅអាហ្វហ្គានីស្ថាន ។ 

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមតាលីបង់ និងអាមេរិក​បានព្រមព្រៀងគ្នា ឈានដល់​ការដកកងទ័ពអាមេរិក​ជាដំណាក់កាល ហើយរដ្ឋាភិបាល​អាហ្វហ្គានីស្ថាន និងក្រុមតាលីបង់​ ដោះលែងអ្នកទោសគ្នា នៅថ្ងៃទី១០ ខែមីនា នៅពេលដែលកិច្ចចរចាសន្តិភាព​ចាប់ផ្តើម ។ 

កិច្ចចរចាសន្តិភាពរវាងអាហ្វហ្គានីស្ថាន មិនទាន់កើតមាននៅឡើយទេ ហើយមានភាពជូរចត់ខ្លះនៅក្នុងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោយសារតែមិនមែនជាភាគីនៃកិច្ចព្រមព្រៀងថ្ងៃទី ២៩ ខែកុម្ភៈនោះទេ ហើយដែលថា សហរដ្ឋអាមេរិកបានកាត់ផ្តាច់ឥទ្ធិពលរបស់ពួកគេ តាមរយៈការចរចាដោយផ្ទាល់ជាមួយតាលីបង់ ។

ការសម្រេចចិត្តរបស់លោក Ghani ក្នុងការធ្វើប្រតិបត្តិការវាយលុកឡើងវិញ ត្រូវបានគាំទ្រដោយឥស្សរជនប្រឆាំងជាច្រើន ដែលជឿជាក់ថា ការផ្តោតអារម្មណ៍តែមួយគត់របស់ទីក្រុងវ៉ាស៊ីនតោនគឺរក្សាផែនការដកកងទ័ពអាមេរិកឱ្យនៅលើគន្លងផ្លូវដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ អាចឈ្នះការបោះឆ្នោតប្រធានាធិបតីអាណត្តិទី ២ នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២០ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9219886