ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហាញការខឹងសម្បាយ៉ាងខ្លំាំង ក្រោយពេលក្រុមហ៊ុន Sonafi ប្រកាសថានឹងផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឲ្យទៅអាមេរិកមុន។ លោកម៉ាក្រុង នឹងជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនក្នុងពេលឆាប់ៗនេះពីបញ្ហាខាងលើ។
សារព័ត៌មាន SCMP នៅថ្ងៃទី១៥ខែឧសភាបានផ្សាយថា ប្រធានាធិបតី ម៉ាក្រុងខឹងយ៉ាងខ្លាំង ក្រោយការប្រកាសរបស់ក្រុមហ៊ុនឱសថបារាំង Sanofi ថានឹងលក់វ៉ាក់សាំងព្យាបាលកូវីដ១៩ ឲ្យអាមេរិកមុន។
សារព័ត៌មានBloomberg បានផ្សាយថា អគ្គនាយកក្រុមហ៊ុន Sanofi លោក Paul Hudson បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនមានសិទ្ធិទិញវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Sanofi ចំនួនច្រើន មិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោនបានបញ្ជាទិញតាំងពីខែកុម្ភៈឆ្នាំ២០២០ មកម៉្លេះដោយ អាមេរិកសង្ឃឹមថា នឹងទទួលបានវ៉ាក់សាំងមុនគេ ។
កាលពីថ្ងៃទី១៤ខែឧសភា មន្ត្រីរដ្ឋាភិបាលបារាំង បាននិយាយទៅកាន់សារព័ត៌មាន Bloomberg ថា ប្រធានាធិបតី ម៉ាក្រុងខឹងសម្បាយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងខាងលើ។ លោកម៉ាក្រុងបានបញ្ជាក់ថាវ៉ាក់សាំងប្រឆាំងកូវីដ១៩ គឺជាផលិតផលរួម មិនត្រូវអនុវត្តទៅតាមច្បាប់ទីផ្សារនោះឡើយ៕ ប្រែសម្រួលដោយ៖MEO