តាមការចេញផ្សាយរបស់ប្រភព CNA កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បញ្ជាក់ថា ប្រទេសវៀតណាមបានរកឃើញវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩ (COVID-19) នោះចំនួន២៤ករណីថ្មីបន្ថែមទៀត ហើយសុទ្ធតែនាំមកពីប្រភពខាងក្រៅទាំងអស់ ។
ប្រភពនេះបានដកស្រង់ព័ត៌មានពីក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកផ្ទុកវីរុសកូវីដ១៩ទាំង២៤ករណីថ្មីនោះ គឺជាពលរដ្ឋវៀតណាមដែលវិលត្រឡប់មកពីប្រទេសរុស្ស៊ីទាំងអស់ ហើយត្រូវបានដាក់ឲ្យស្ថិតនៅដោយឡែកឆ្ងាយពីគេឯង ។
គួរបញ្ជាក់ថា ប្រទេសវៀតណាមក្នុងរយៈពេល២៩ថ្ងៃកន្លងមកនេះ មិនមានករណីកូវីដ១៩ឆ្លងថ្មីណាមួយកើតឡើងនៅក្នុងស្រុកឡើង ។ ក្រសួងសុខាភិបាលអះអាងថា វៀតណាមមានអ្នកផ្ទុកកូវីដ១៩សរុប ៣១២ នាក់ ប៉ុន្តែមិនមានអ្នកជំងឺណាម្នាក់បាត់បង់ជីវិតនោះទេ ។
ក្នុងចំណោមជាង៣០០ករណីនោះ ជាង៩០ភាគរយបានជាសះស្បើយ ។
គួរបញ្ជាក់ថា វីរុសកូវីដ១៩ រហូតមកដល់ពេលនេះ នៅទូទាំងពិភពលោកបានឆ្លងលើមនុស្សសរុប ៤ ៥២៧ ៨១១ នាក់ ក្នុងនោះ បាត់បង់ជីវិត ៣០៣ ៤៣៨ នាក់ និង ១ ៧០៦ ១៧៤ នាក់បានជាសះស្បើយ ។
វីរុសនេះផ្ទុះឡើងដំបូងគេនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ។ វីរុសនេះឆ្លងរាតត្បាតដល់ដែនដី និងប្រទេស២២៩ជុំវិញពិភពលោក ខណៈមិនទាន់មានស្ថាប័ន ឬអង្គការសុខាភិបាលណាមួយរកឃើញថ្នាំព្យបាលជាក់លាក់នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat